ថៃបានសុំទោសជាផ្លូវការចំពោះឡាវ បន្ទាប់ពីការបិទច្រកព្រំដែន Chong Mek ដែលធ្វើឱ្យរថយន្តដឹកប្រេងជិត៨០គ្រឿងជាប់គាំង និងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ឡាវ។

លោក ស៊ូរ៉ាសាន់ គង់ស៊ីរី អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានបញ្ជាក់ថា៖ «ថៃគ្មានចេតនាបង្កការលំបាកសម្រាប់ប្រជាជនឡាវនោះទេ។ បទបញ្ជានេះត្រូវបានចេញដោយសារស្ថានភាពព្រំដែនរវាងថៃនិងកម្ពុជា ហើយមិនពាក់ព័ន្ធនឹងប្រទេសផ្សេងទៀតទេ»។
ការបិទច្រកនេះបានកើតឡើងកាលពីពាក់កណ្ដាលអធ្រាត្រយប់មិញ ដោយធ្វើឱ្យរថយន្តដឹកប្រេងប្រហែល៨០គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង៤លានលីត្រ ជាប់គាំងនៅច្រកត្រួតពិនិត្យ Chong Mek។
ថៃបានអះអាងថា ការចេញបទបញ្ជានេះមកពីការព្រួយបារម្ភថា កម្ពុជាអាចទិញប្រេង និងទំនិញយុទ្ធសាស្រ្តដោយប្រើឡាវជាច្រកឆ្លងកាត់។ ទន្ទឹមនឹងនេះ កម្ពុជាបានហាមឃាត់ការនាំចូលប្រេងឥន្ធនៈថៃតាំងពីចុងខែមិថុនាមកម្ល៉េះ ដោយបង្កើនការផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរីជាដើម។
លោក ស៊ូរ៉ាសាន់ បានសុំទោសដល់ប្រជាជនឡាវដែលអាចរងផលប៉ះពាល់ ហើយបាននិយាយថា ថៃកំពុងខិតខំប្រឹងប្រែងដើម្បីអនុវត្តវិធានការផ្សេងៗឱ្យបានឆាប់រហ័ស ខណៈកាត់បន្ថយផលប៉ះពាល់។
