ខេត្តកំពង់ឆ្នាំង៖ កងកម្លាំងចម្រុះយោធារួមសហការជាមួយកម្លាំងរដ្ឋបាលជលផល បានចុះល្បាតយ៉ាងទូលំទូលាយតាមដងទន្លេនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្រុកពញាឮ ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៥ធ្នូ ២០២៥។

ប្រតិបត្តិការនេះដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរងសឹករងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីកងកម្លាំងជាច្រើនផ្នែក។ ការល្បាតបានធ្វើឡើងតាមតំបន់ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ភូមិព្រែកកន្លង និងភូមិពាមលង្វែក។

នៅម៉ោង ៥.៥០ល្ងាច កងកម្លាំងបានប្រទះឃើញបទល្មើសឆក់ក្តៅនិងត្រជាក់កំពុងធ្វើសកម្មភាពនៅភូមិស្ទឹងស្ងួត។ សមត្ថកិច្ចបានឃាត់ជនសង្ស័យរួមទាំងវត្ថុតាងបទល្មើសដូចជា ទូកម៉ាស៊ីនអាគុយ អាំងម៉ូទ័រឆក់ និងឧបករណ៍ឆក់ផ្សេងៗ។

ក្រោយមកនៅម៉ោង ៧.៣០យប់ កងកម្លាំងបានប្រទះឃើញក្រុមសង្ស័យកំពុងធ្វើបទល្មើសអូសនៀមចំនួន៣គ្រឿង។ ការស្វែងរកបានរកឃើញថ្នាំញៀនចំនួន ២៨កញ្ចប់ ឧបករណ៍ជក់ថ្នាំចំនួន១ និងធ្វើការតេស្តទឹកនោមរកឃើញសារធាតុញៀនក្នុងខ្លួនចំនួន៥នាក់។

សមត្ថកិច្ចបានប្រគល់ជនសង្ស័យទាំងអស់ជូនប៉ុស្តិ៍សមត្ថកិច្ចដើម្បីធ្វើការតាមច្បាប់។ ចំណែកឯជនដែលមិនពាក់ព័ន្ធត្រូវបានអប់រំហើយដោះលែង រីឯទូក ម៉ាស៊ីន និងឧបករណ៍ល្មើសទាំងអស់ត្រូវបានរក្សាទុកជាភស្តុតាង។









