អាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលបោកបញ្ឆោតគេតាមប្រព័ន្ធតេឡេក្រាម ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។ ការចាប់ខ្លួននេះកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

តាមរបាយការណ៍អាជ្ញាធរ ជនសង្ស័យឈ្មោះ ព.ស (ប្រុស) ជនជាតិខ្មែរ បានបន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីតេឡេក្រាមដើម្បីបោកបញ្ឆោតជនរងគ្រោះ។ ជនសង្ស័យបានប្រើប្រាស់បណ្ដាញសង្គមនេះដើម្បីធ្វើអំពើបោកបញ្ឆោតដល់ប្រជាពលរដ្ឋ។
សមត្ថកិច្ចបានកំណត់ថា ជនសង្ស័យរូបនេះបានចូលរួមជាមួយជនអនាមិកដទៃទៀតក្នុងការប្រព្រឹត្តបទល្មើស និងទទួលបានផលពីអំពើបទល្មើសនេះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយសំណុំរឿងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
អាជ្ញាធរបានផ្ដល់ការក្រើនរំលឹកថា ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ ដែលអាចនាំឱ្យក្លាយជាអ្នកប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន។

