ទីក្រុងសេអ៊ូល៖ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងបានបង្ហាញពីការចោទប្រកាន់ធ្ងន់ធ្ងរប្រឆាំងនឹងអតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានចោទថាបានញុះញង់ឱ្យកូរ៉េខាងជើងឈ្លានពានដោយអាវុធ ដើម្បីបង្កើតហេតុផលសមស្របសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកនៅដើមខែធ្នូ ឆ្នាំ២០២៤។

ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ធ្នូ រដ្ឋអាជ្ញាពិសេស លោក Cho Eun-seok បានបង្ហាញថា ក្រុមរបស់លោកបានចោទប្រកាន់មនុស្សចំនួន២៤នាក់ រួមមានអតីតប្រធានាធិបតី Yoon និងសមាជិកគណៈរដ្ឋមន្ត្រី៥នាក់ផ្សេងទៀត ពីបទពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។
លោក Cho បានពន្យល់ថា៖ «ពួកគេបានព្យាយាមជម្រុញឱ្យកូរ៉េខាងជើងបង្កការឈ្លានពានដោយអាវុធ ប៉ុន្តែត្រូវបរាជ័យ ខណៈកូរ៉េខាងជើងមិនបានឆ្លើយតបផ្នែកយោធាណាមួយឡើយ»។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេល៦ខែ ដែលរដ្ឋអាជ្ញាបានរកឃើញថា លោក Yoon និងក្រុមរបស់លោកបានរៀបចំផែនការធំមួយដើម្បីព្យួរអំណាចសភា និងជំនួសដោយស្ថាប័ននីតិប្បញ្ញត្តិបន្ទាន់។

រដ្ឋអាជ្ញាបានបន្តថា ក្រុមរបស់លោក Yoon បានបញ្ជាឱ្យប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកលាក់ខ្លួនចូលទៅក្នុងភាគខាងជើង ដើម្បីបង្កភាពតានតឹងដល់ប្រទេសជិតខាង។
បច្ចុប្បន្ន លោក Yoon កំពុងស្ថិតក្នុងការជាប់ទោសពីបទបះបោរ ដែលអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬអាចមានទោសប្រហារជីវិត។ អតីតរដ្ឋមន្ត្រី និងមន្ត្រីផ្សេងទៀតរបស់គាត់ក៏ប្រឈមមុខនឹងការចោទប្រកាន់ផ្សេងៗដែរ។
សភាកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យសេរី បានបោះឆ្នោតលុបចោលក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្នរបស់លោក Yoon ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់គាត់។

លោក Yoon បានប្រកាសថា ការប្រកាសច្បាប់អាជ្ញាសឹកស្ថិតនៅក្នុងអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតី ហើយលោកបានធ្វើវាដើម្បីព្រមានឱ្យដឹងជុំវិញការរំលោភអំណាចរបស់គណបក្សប្រឆាំង។
