(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានទទួលស្គាល់ថាប្រទេសរបស់លោកមិនអាចរារាំងការនាំចេញប្រេងឥន្ធនៈទៅកាន់ឡាវតាមច្រកព្រំដែន Chong Mek ដើម្បីកុំឱ្យត្រូវបានបង្វែរទៅកម្ពុជាបាននោះទេ។ ការទទួលស្គាល់នេះបានមកក្រោយពីការព្យាយាមដាក់បម្រាមរបស់យោធាថៃដែលបានបរាជ័យ។

កាលពីសប្ដាហ៍មុន យោធាភូមិភាគទី២របស់ថៃបានដាក់បម្រាមលើការដឹកប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រឆ្លងកាត់ច្រកព្រំដែន Chong Mek ចូលទៅឡាវ ដោយមានគោលបំណងទប់ស្កាត់កុំឱ្យបញ្ជូនបន្តទៅកម្ពុជា ដើម្បីគាំទ្រប្រតិបត្តិការយោធានៅសមរភូមិ។
លោក អានុទីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដើម្បីវាយតម្លៃស្ថានការណ៍ចុងក្រោយ និងពិភាក្សាអំពីបញ្ហាការផ្គត់ផ្គង់ដែលត្រូវបានដឹកទៅកម្ពុជាតាមរយៈកប៉ាល់ជនជាតិថៃ និងរថយន្តដឹកប្រេងឆ្លងកាត់ច្រក Chong Mek។
លោក Prasert Sinsukprasert លេខាធិការអចិន្ត្រៃយ៍វិស័យថាមពលថៃ បានបញ្ជាក់ថា បច្ចុប្បន្នមិនមានប្រេងឥន្ធនៈត្រូវបានដឹកចេញពីថៃទៅកម្ពុជាតាមផ្លូវគោក ឬសមុទ្រឡើយ។ លោកបន្ថែមថា រដ្ឋមន្ត្រីថាមពលឡាវបានធានាជាមួយថៃថា ប្រេងឥន្ធនៈនាំចូលពីថៃនឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ។
ចំណែកកម្ពុជាវិញ ប្រទេសយើងបន្តពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈពីវៀតណាម ចិន និងសិង្ហបុរី។ ការទទួលស្គាល់របស់ថៃនេះបង្ហាញពីការលំបាកក្នុងការត្រួតពិនិត្យលើការផ្លាស់ប្តូរទំនិញឆ្លងព្រំដែនក្នុងតំបន់។
