
វិស័យឯកជនថៃកំពុងបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីសង្រ្គាមឈ្លានពានកម្ពុជារបស់យោធាថៃ ដែលបណ្តាលឱ្យមានការបិទព្រំដែនអូសបន្លាយ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខេត្តភាគឦសានរបស់ថៃ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយកាសែត The Nation។
ការបិទព្រំដែនគោកទាំងស្រុងដែលចាប់ផ្តើមតាំងពីខែមិថុនាមក បានប៉ះពាល់ដល់ខេត្តចំនួន៦នៅភាគឦសាន ដោយបង្កការខាតបង់ពាណិជ្ជកម្មចន្លោះពី៥០-៨០ប៊ីលានបាត (១,៦-២,៤ប៊ីលានដុល្លារ) ខណៈវិបត្តិការងារកំពុងកើនឡើង។
លោក Sorathep Rojpotjanaruch ប្រធានក្លឹបអាជីវកម្មភោជនីយដ្ឋាន និងទីប្រឹក្សាកិត្តិយសនៃសមាគមសណ្ឋាគារថៃ បានបញ្ជាក់ថា ភាពតានតឹងព្រំដែនរយៈពេល៧ខែ និងការបិទច្រកព្រំដែនយូរ បានប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅកម្ពុជា ដែលធម្មតាមានតម្លៃប្រហែល៧០ប៊ីលានបាតក្នុងមួយឆ្នាំ។

លោកបានពន្យល់បន្ថែមថា ខណៈផលប៉ះពាល់លើ GDP របស់ថៃអាចមានកម្រិតត្រឹម០,២% ការខាតបង់ប៉ះពាល់ខ្លាំងក្នុងខេត្តឦសានជាប់ព្រំដែនចំនួន៦។ ក្រសួងពាណិជ្ជកម្មកំពុងព្យាយាមស្វែងរកទីផ្សារជំនួស ដើម្បីបន្ធូរបន្ថយការលំបាកសម្រាប់អាជីវកម្មក្នុងស្រុក។
អ្នកជំនាញបានដាស់តឿនថា កាលណាជម្លោះអូសបន្លាយកាន់តែយូរ ប្រជាជនកម្ពុជានឹងងាកទៅប្រើផលិតផលវៀតណាមកាន់តែច្រើន ដែលធ្វើឱ្យថៃបាត់បង់ទីផ្សារកាន់តែខ្លាំង។

ចំណែកកង្វះកម្លាំងពលកម្មគឺជាបញ្ហាធំមួយ។ បច្ចុប្បន្ន ថៃអនុវត្តវិធានការមិនបន្តលិខិតការងារសម្រាប់កម្មករកម្ពុជា ទោះបីជាកម្មករកម្ពុជារួមចំណែកកម្លាំងពលកម្មចន្លោះពី៧០០,០០០-៨០០,០០០នាក់ក្នុងវិស័យការងារថៃជារៀងរាល់ឆ្នាំក៏ដោយ។ បើគ្មានការរៀបចំជំនួសរហ័សទេ កង្វះខាតកម្លាំងពលកម្មអាចប៉ះពាល់កាន់តែខ្លាំងដល់សេវាកម្ម និងឧស្សាហកម្មថៃ។
