ភ្នំពេញ – ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកយប់ថ្ងៃទី១៥ ធ្នូ ដោយអះអាងថា អាទិភាពចម្បងនៅពេលនេះគឺការបញ្ឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិល។

ប្រទេសចិនសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយពិចារណាលើការការពារសន្តិភាព និងស្ថិរភាពនៃតំបន់ព្រំដែន និងផលប្រយោជន៍របស់ប្រជាជន។ ចិនជំរុញឱ្យចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការសម្រេចបាននូវបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ចា ឃុន (Guo Jiakun) បានប្រកាសនៅក្នុងសេចក្ដីសង្ខេបព័ត៌មានរសៀលថ្ងៃទី១៥ ធ្នូ ២០២៥ ថា ប្រទេសចិនកំពុងជំរុញឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជា ហើយនឹងបន្តដើរតួនាទីបែបស្ថាបនានៅក្នុងការបន្ធូរបន្ថយភាពតានតឹង។

លោកថ្លែងថា ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តភក្ដិទាំងសងខាងជាមួយថៃ និងកម្ពុជា ប្រទេសចិនបន្តតាមដានដោយយកចិត្តទុកដាក់ទៅលើស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ប្រទេសចិនសូមសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិតមនុស្សនៅក្នុងជម្លោះនេះ និងសូមសម្ដែងសមានចិត្តអស់ពីចិត្តពីថ្លើម។
អ្នកនាំពាក្យចិនបន្តថា កម្ពុជា និងថៃជាប្រទេសភូមិផងរបងជាមួយនឹងគ្នា មិនថាពេលនេះឬពេលអនាគត។ ការរួមរស់ដោយសុខុដុមរមនានឹងគ្នា និងការរក្សាទំនាក់ទំនងល្អក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ពិតជាមានតម្លៃណាស់។
ប្រទេសចិនគាំទ្រឱ្យប្រទេសទាំង២សន្ទនាគ្នា និងពិគ្រោះយោបល់គ្នាដោយផ្ទាល់ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីធ្វើឱ្យមានសន្តិភាព ជាពិសេសប្រទេសម៉ាឡេស៊ី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយដែលប្រទេសទាំង២អាចទទួលយកបាន។
