កូនប្រុសដែលញៀនគ្រឿងញៀនហ៊ានដេញកាប់ឪពុក និងលោកមេភូមិ សមត្ថកិច្ចត្រូវប្រើសិទ្ធិស្វ័យការពារខ្លួន

កូនប្រុសដែលញៀនគ្រឿងញៀនហ៊ានដេញកាប់ឪពុក និងលោកមេភូមិ សមត្ថកិច្ចត្រូវប្រើសិទ្ធិស្វ័យការពារខ្លួន

ខេត្តកណ្តាល – សមត្ថកិច្ចនគរបាលស្រុកស្អាងបានចាប់ខ្លួនកូនប្រុសម្នាក់ដែលហ៊ានដេញកាប់ឪពុករបស់ខ្លួន និងលោកមេភូមិ បន្ទាប់ពីជនសង្ស័យប្រើប្រាស់គ្រឿងញៀនហើយបានគម្រាមសម្លាប់ជនរងគ្រោះ។

ឧបករណ៍ឧក្រិដ្ឋកម្មដែលត្រូវបានចាប់យក

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា ជនរងគ្រោះគឺលោក សន ឈុនហ៊ា អាយុ ៧៥ឆ្នាំ ជាកសិករ និងជាឪពុករបស់ជនសង្ស័យ។

ទីតាំងកើតហេតុ

ជនសង្ស័យគឺលោក សន សុីដេត អាយុ ៣៨ឆ្នាំ ដែលរស់នៅជាមួយឪពុកនៅក្នុងភូមិដដែល។ លោកអធិការបានបញ្ជាក់ថា ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងគម្រាមសម្លាប់ឪពុករបស់ខ្លួនជាញឹកញាប់។

ការស៊ើបអង្កេតនៅទីកន្លែងកើតហេតុ

ហេតុការណ៍បានចាប់ផ្តើមនៅពេលជនសង្ស័យបានគាស់ដំបូលស័ង្កសីរោងបាយលក់ដើម្បីយកទៅលក់អេតចាយ។ ពេលនោះឪពុក និងលោកមេភូមិបានឃើញទាន់ ហើយបាននិយាយណែនាំ ប៉ុន្តែជនសង្ស័យមិនទទួលយក បែរជាយកកាំបិតផ្គាក់មកដេញកាប់ពួកគាត់។

លោកមេភូមិបានទូរសព្ទទៅកាន់ប៉ុស្តិ៍នគរបាលខ្ពប ហើយនៅពេលសមត្ថកិច្ចមកដល់ ជនសង្ស័យបានដេញកាប់សមត្ថកិច្ចផងដែរ។ សមត្ថកិច្ចបានប្រើសិទ្ធិស្វ័យការពារខ្លួន ហើយទើបអាចចាប់ខ្លួនជនសង្ស័យបាន។

វត្ថុតាងដែលត្រូវបានចាប់យករួមមាន៖ កាំបិតផ្គាក់០១ដើម កាំបិតប័ុងតោ០១ដើម កាំបិតចុងស្រួច០១ដើម និងផ្លែស្ន០១ដើម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

administrator

Related Articles