ភ្នំពេញ៖ ក្នុងភាពរួមចិត្តរួមគ្នាដើម្បីជាតិ សប្បុរសជន ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋជាង១៣០រូប បានសម្រុកយកថវិកា និងគ្រឿងឧបភោគបរិភោគមកបរិច្ចាគជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ មានការចូលរួមពីលោក សុខ ពេញវុធ លោក ពេញ ធារម្យ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ដែលតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ និងលោក ពេញ ធារម្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមចែករំលែកធនធានតាមលទ្ធភាព ដែលបង្ហាញពីសាមគ្គីភាព “ខ្មែរស្រលាញ់ខ្មែរ”។

បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ គិតត្រឹមម៉ោង១៨:០០ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបានទទួលការបរិច្ចាគសរុបជាថវិកាចំនួន ៥៣៧.០១៨.៣២៤ រៀល ប្រាក់ដុល្លារចំនួន ៨៨.៩៣៤ ដុល្លារ អាមេរិក និងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រើនមុខទៀត។
រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀតនៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។
