កូនប្រុសរបស់មេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី បានចូលរួមក្នុងការតវ៉ានៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៤ធ្នូ ដើម្បីទាមទារឲ្យដោះលែងម្ដាយរបស់គាត់ពីការឃុំខ្លួនដោយរបបយោធា។

លោក Kim Aris កូនប្រុសរបស់លោកស្រីស៊ូជី បានថ្លែងក្នុងពិធីតវ៉ាថា៖ «សេរីភាពសម្រាប់ម្តាយខ្ញុំនាំទៅរកសេរីភាពសម្រាប់ទាំងអស់គ្នា។ សកម្មភាពរបស់អ្នកគ្រប់គ្នាអាចជួយសង្គ្រោះជីវិតម្ដាយខ្ញុំបាន»។
ការតវ៉ានេះបានធ្វើឡើងនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងសង្កាត់ Shinagawa ដោយមានប្រជាជនមីយ៉ាន់ម៉ាដែលរស់នៅជប៉ុន និងពលរដ្ធអន្តរជាតិផ្សេងទៀតចូលរួម។ ពួកគេបានប្រឆាំងនឹងការបោះឆ្នោតដែលយោធាមានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៨ធ្នូ ដោយចាត់ទុកថាជាការបន្លំភ្នែក។
លោក Aris បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពម្ដាយរបស់គាត់ ដែលឥឡូវនេះមានអាយុជិត ៨០ឆ្នាំ និងមានបញ្ហាបេះដូង។ គាត់បាននិយាយថា ខ្លួនមិនបានទាក់ទងជាមួយម្ដាយតាំងពីទទួលបានលិខិតមួយកាលពីខែមករាឆ្នាំមុន ដែលលោកស្រីស៊ូជីបានរៀបរាប់ពីលក្ខខណ្ឌឃុំខ្លួនដ៏អាក្រក់។
«ជាកូនប្រុស ខ្ញុំមានកាតព្វកិច្ចត្រូវធានាថា ម្ដាយខ្ញុំត្រូវបានដោះលែងទៅផ្ទះ ឬយ៉ាងហោចណាស់ត្រូវផ្តល់សិទ្ធិមូលដ្ឋានក្នុងការទំនាក់ទំនងជាមួយគ្រួសារ និងទទួលការព្យាបាលវេជ្ជសាស្ត្រចាំបាច់» លោក Aris បានអះអាង។
សកម្មភាពតវ៉ានេះកើតឡើងក្នុងពេលដែលមីយ៉ាន់ម៉ាកំពុងរៀបចំការបោះឆ្នោត ដែលអ្នកតវ៉ាចាត់ទុកថាជាផ្នែកនៃផែនការផ្លាស់ប្តូរទៅជារដ្ឋាភិបាលស៊ីវិលដោយយោធា។
