(បាងកក)៖ ស្ថានទូតរុស្ស៉ីនៅប្រទេសថៃបានបដិសេធយ៉ាងច្បាស់លាស់នូវព័ត៌មានដែលថាមានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។

នៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការនៅថ្ងៃចន្ទទី១៥ ខែធ្នូ ស្ថានទូតរុស្ស៉ីបានចេញសេចក្ដីថ្លែងការណ៍មួយតាមរយៈទំព័រ Facebook ផ្លូវការ ដោយច្រានចោលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថាមានទាហានស៊ីឈ្នួលរុស្ស៉ីចូលរួមក្នុងជម្លោះនេះ។
ស្ថានទូតបានអះអាងថា ព័ត៌មានទាំងនេះគឺជា”ការប្រឌិតពីប្រភពនៅខាងក្រៅតំបន់” ហើយអាចបង្កគ្រោះថ្នាក់ដល់សិទ្ធិពលរដ្ឋរុស្ស៉ីដែលស្នាក់នៅថៃ ទាំងជាទេសចរណ៍ និងអ្នកធ្វើជំនួញ។

“ការចោទប្រកាន់បែបនេះមិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋរុស្ស៉ីប៉ុណ្ណោះទេ ថែមទាំងអាចបំផ្លាញទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ” ស្ថានទូតបានព្រមាន។
ទីក្រុងមូស្គូបានបញ្ជាក់ថា រក្សាទំនាក់ទំនងមិត្តភាពល្អជាមួយប្រទេសទាំងពីរ និងគាំទ្រដំណោះស្រាយសន្តិវិធីចំពោះជម្លោះព្រំដែន។

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាលើកដំបូងដោយកាសែតថៃ Khaosod មុនពេលស្ថានទូតរុស្ស៉ីចេញមកបដិសេធយ៉ាងរហ័ស។
