ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់ថា ប្រទេសថៃកំពុងធ្វើសង្គ្រាមពីរទម្រង់គឺ សង្គ្រាមប្រដាប់អាវុធនិងសង្គ្រាមចិត្តសាស្ត្រ ដើម្បីបំបាក់ស្មារតី និងញុះញង់បំបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំ។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ធ្នូ ២០២៥ លោកប៉ែន បូណា បានវាយតម្លៃថា៖ «សង្គ្រាមនេះមានគោលដៅបំបាក់ស្មារតី ទឹកចិត្តកងទ័ព និងប្រជាពលរដ្ឋ ហើយមានចរិតញុះញង់បំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំ។»
លោកបានបញ្ជាក់ថា សត្រូវថៃបានបង្កើតគណនីក្លែងក្លាយលើបណ្ដាញសង្គម ដោយដាក់ឈ្មោះបន្លំជាខ្មែរ សរសេរភាសាខ្មែរ និងផ្សព្វផ្សាយមតិបម្រើផលប្រយោជន៍របស់ពួកគេ។

«ពួកគេបង្ហោះរូបភាពសម្លៀកបំពាក់យោធាយើង មានរូបសញ្ញា ឡូហ្គោកងទ័ព និងផ្លាកឈ្មោះ ដោយតុបតែងបង្កើតឡើងថា នេះជាអ្វីដែលគេចាប់បាន» លោកប៉ែន បូណា បានពន្យល់។
អ្នកនាំពាក្យរដ្ឋាភិបាលបានរិះគន់ថា យោធាថៃបានយករូបថតប្រព័ន្ធបាញ់កាំជ្រួច BM-21 ពីសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី មកភូតកុហកថាជាការកម្ទេចឧបករណ៍របស់កងទ័ពកម្ពុជា។

ទោះជាយ៉ាងណា លោកប៉ែន បូណា បានអះអាងថា ពលរដ្ឋខ្មែរមិនបានធ្លាក់ចូលអន្ទាក់សង្គ្រាមចិត្តសាស្ត្រនេះឡើយ ហើយបានប្រតិកម្មវាយបកតបទៅនឹងការភូតកុហករបស់សត្រូវ។
«ពលរដ្ឋខ្មែរមានស្មារតីរឹងមាំ ទឹកចិត្តស្នេហាជាតិបរិសុទ្ធ និងសាមគ្គីភាពប្រកបដោយស្មារតីបុរេសកម្ម» លោកបានកត់សម្គាល់។
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ធ្នូ យោធិនកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ និងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
