ភ្នំពេញ៖ អគ្គិភ័យធំមួយបានឆេះផ្ទះឈើចំនួន៥ខ្នងទាំងស្រុងនៅសង្កាត់ព្រែកប្រា កាលពីយប់ថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦:១៥យប់ តាមបណ្តោយផ្លូវលេខ៣៦៩ ភូមិព្រែកតាកុយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយខ្មួលខ្មាញ់លាយលំអណ្តាតភ្លើង។ ប្រជាពលរដ្ឋនាំគ្នាដងទឹកពន្លត់បឋម តែមិនរលត់ ទើបរាយការណ៍ទៅកាន់សមត្ថកិច្ច។

ក្រោយមានការរាយការណ៍ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឆ្ពោះទៅកាន់ទីតាំងកើតហេតុ។

អគ្គិភ័យនេះបានបង្កការខូចខាតធ្ងន់ធ្ងរ ផ្ទះឆេះចំនួន៥ខ្នង ប្រភេទផ្ទះឈើប្រក់ស័ង្កសី រួមសម្ភារៈអស់ទាំងស្រុង។ ចំពោះមូលហេតុ ជំនាញមិនទាន់បញ្ជាក់បានថាមកពីមូលហេតុអ្វីនៅឡើយនោះទេ។


