ភេរវកម្មដ៏រន្ធត់មួយបានកើតឡើងនៅឆ្នេរ Bondi ប្រទេសអូស្រ្តាលី នៅពេលដែលឪពុកកូនពីរនាក់បានបាញ់សម្លាប់មនុស្ស១៦នាក់ និងធ្វើឲ្យ៤០នាក់ទៀតរបួសក្នុងពិធីបុណ្យ Hanukkah នៃជនជាតិជ្វីហ្វ។

តាមការផ្សាយរបស់ BBC ការវាយប្រហារនេះបានកើតឡើងនៅពេលដែលមនុស្សជាង១,០០០នាក់កំពុងជួបជុំគ្នាដើម្បីអបអរពិធីបុណ្យ Hanukkah។ ប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងទាំងពីរនាក់ថា ជាឪពុកឈ្មោះ Sajid Akram (៥០ឆ្នាំ) ដែលត្រូវប៉ូលិសបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនប្រុសឈ្មោះ Naveed Akram (២៤ឆ្នាំ) ដែលស្ថិតក្នុងការឃុំឃាំងក្នុងស្ថានភាពធ្ងន់ធ្ងរ។

Sajid គឺជាអ្នកកាន់អាជ្ញាប័ណ្ណអាវុធស្របច្បាប់ដែលមានកាំភ្លើងចុះបញ្ជីចំនួនប្រាំមួយដើម។ គេជឿថា កាំភ្លើងទាំងប្រាំមួយដើមនោះត្រូវបានប្រើប្រាស់ទាំងអស់ក្នុងការវាយប្រហារនេះ។
ប៉ូលិសរដ្ឋ New South Wales បានប្រកាសថា នេះគឺជាការវាយប្រហារភេរវកម្មដែលកំណត់គោលដៅលើជនជាតិជ្វីហ្វ។ ប៉ូលិសក៏បានបើកការស៊ើបអង្កេតផងដែរ និងស្វែងរកខ្មាន់កាំភ្លើងទី៣ដែលអាចនៅតែស្ថិតនៅក្រៅការគ្រប់គ្រង។

ការវាយប្រហារនេះបានធ្វើឲ្យសង្គមអូស្រ្តាលីរន្ធត់យ៉ាងខ្លាំង និងបណ្តាលឲ្យមានការពិភាក្សាឡើងវិញអំពីច្បាប់គ្រប់គ្រងកាំភ្លើងនៅក្នុងប្រទេស។

អត្ថបទ៖ សុខ សុវណ្ណ
