
ភ្នំពេញ – បេក្ខជនឈានមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃពីគណបក្សភឿថៃ លោក យុទឆាណាន់ វង្សសាវ៉ាត (Yodchanan Wongsawat) បានប្រកាសថា អធិបតេយ្យភាពនឹងជាអាទិភាពក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា។
លោកដែលត្រូវជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានគណបក្សភឿថៃជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែធ្នូ។ ក្រោយពេលត្រូវបានតែងតាំង លោកបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានអំពីគោលនយោបាយសន្តិសុខក្រោយការប៉ះទង្គិចគ្នានៅតាមព្រំដែន។

“អធិបតេយ្យភាពនឹងជាអាទិភាព ហើយយើងត្រូវជួយសង្គ្រោះជីវិតប្រជាជនរបស់យើង” នេះជាសម្តីរបស់លោក Yodchanan Wongsawat ដែលត្រូវបានស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP។
ការឆ្លើយតបនេះត្រូវបានគេមើលឃើញថាមិនខុសគ្នាពីជំហរតឹងរឹងរបស់រដ្ឋាភិបាលថៃដឹកនាំដោយលោកអានុទីន ឆានវីរៈគុល ដែលបានប្រកាន់ជំហរជាឯកតោភាគី និងផាត់ចោលការដោះស្រាយដោយសន្តិវិធី។

ដោយការប្រកាន់ជំហរតាមក្រុមជាតិនិយមជ្រុល នាយករដ្ឋមន្ត្រីថៃលោកអានុទីនបានប្រកាសមិនអនុវត្តតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាជាមួយកម្ពុជានៅទីក្រុងកូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ការប្រកាសលុបចោលកិច្ចព្រមព្រៀងនេះ និងសកម្មភាពបង្កហេតុរបស់ភាគីថៃបានធ្វើឲ្យបញ្ហាព្រំដែនកើនឡើងកម្តៅ រហូតដល់ផ្ទុះអាវុធចាប់ពីថ្ងៃទី៧ ខែធ្នូ ហើយបានអូសបន្លាយដល់ថ្ងៃទី១៧ ខែធ្នូនេះ។
