ប្រទេសចិនបានបញ្ជូនយន្តហោះចំនួន២គ្រឿង ទៅដឹកពលរដ្ឋខ្លួនប្រមាណ១០០នាក់ ចេញពីតំបន់ Shwe Kokko ក្រោយកងទ័ពមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃ កម្ទេចអគារបោកប្រាស់អនឡាញនៅជាប់ព្រំដែនថៃ។

តាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ យន្តហោះចិនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mae Sot ក្នុងខេត្ត Tak កាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ ដោយយន្តហោះមួយគ្រឿង ត្រូវដឹកជនជាតិចិនចំនួន៥០នាក់។
ជនជាតិចិនទាំងនេះ គឺជាអ្នកដែលរត់ចេញពីអគារបោកប្រាស់ ពេលមីយ៉ាន់ម៉ា បើកប្រតិបត្តិការកម្ទេច ហើយពួកគេត្រូវបានអាជ្ញាធរនិងកងទ័ពឆ្មាំជាតិការ៉ែន (BGF) ចាប់ខ្លួនបាននៅតំបន់សេដ្ឋកិច្ចពិសេស KK Park។
សូមជម្រាបជាថ្មី កាលពីចុងសប្តាហ៍ កងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park។
ក្នុងប្រតិបត្តិការនោះផងដែរ កងទ័ពបានចាប់ខ្លួនជនបរទេសចំនួន៥១៦នាក់ ដែលមានជនជាតិចិនច្រើនជាងគេ ពោលគឺ២២៥នាក់ បន្ទាប់មកគឺ វៀតណាម៨៣នាក់ ហ្វីលីពីន៧៧នាក់ កេនយ៉ា៣៩នាក់ អ៊ូហ្គង់ដា២០នាក់ នេប៉ាល់១៧នាក់ ឥណ្ឌូណេស៊ី១២នាក់ អេត្យូពី១១នាក់ ថៃ១០នាក់ ម៉ាឡេស៊ី៩នាក់ ឥណ្ឌា៤នាក់ សេរ៉ាឡេអូន៣នាក់ តៃវ៉ាន់២នាក់ ហ្គីណេអេក្វាទ័រ២នាក់ ម៉ាដាហ្គាស្កាម្នាក់ និងតូហ្គោម្នាក់។

ក្រៅពីកម្ទេចអគារនិងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ។
អត្ថបទ៖ សុខ សុវណ្ណ
