
ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានប្រកាសថា ផែនការសន្តិភាពដែលកំពុងចរចារវាងមន្ត្រីអាមេរិក អាចនឹងសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត មុននឹងផ្ញើទៅឱ្យរុស្ស៊ីពិនិត្យមើល។
លោកបន្តថា ក្រោយពីរុស្ស៊ីទទួលសំណើ អាចនឹងមានកិច្ចប្រជុំនៅអាមេរិកនាចុងសប្ដាហ៍ក្រោយ។ សេចក្ដីព្រាងផែនការសន្តិភាពនេះត្រូវបានពិភាក្សាជាមួយអាមេរិកនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។

ប៉ុន្តែលោកក៏សម្ដែងការប្រុងប្រយ័ត្នថា ចំណុចសំខាន់ៗមួយចំនួនមិនទាន់ដោះស្រាយចេញនៅឡើយទេ ជាពិសេសតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការសម្របសម្រួលបញ្ហាអ៊ុយក្រែនហាក់ដូចជាបានផលជាបណ្ដើរៗហើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា រុស្ស៊ីចង់បានកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈស៊ីជម្រៅ មិនមែនគ្រាន់តែជាបទឈប់បាញ់ធម្មតាៗប៉ុណ្ណោះទេ។ “បើអ៊ុយក្រែនចង់បានត្រឹមតែដំណោះស្រាយបណ្ដោះអាសន្ន ពេលនោះយើងនឹងមិនចូលរួមនៅក្នុងការចរចាឡើយ។”

មន្ត្រីរដ្ឋាភិបាលអាមេរិកអះអាងថា ផែនការសន្តិភាពដែលខ្លួនបានផ្ដួចផ្ដើមឡើងនោះទទួលបានការគាំទ្រ៩០%ពីអ៊ុយក្រែន និងអឺរ៉ុប។ លោកដូណាល់ត្រាំគិតថា ជំហររបស់ភាគីពាក់ព័ន្ធទាំងអស់បានខិតជិតគ្នាជាងពេលណាៗទាំងអស់។
លោកហ្សេឡិនស្គីបញ្ជាក់ជាថ្មីថា លោកមិនទទួលស្គាល់ទឹកដីនៅតំបន់ដុនបាស់ដែលរុស្ស៊ីកំពុងកាន់កាប់នោះជាទឹកដីរបស់រុស្ស៊ីទេ។ រុស្ស៊ីគ្រប់គ្រងតំបន់នេះប្រហែល៨០% ចំណែកអ៊ុយក្រែនគ្រប់គ្រង២០%។

ប្រភពខ្លះថា នៅក្នុងផែនការសន្តិភាពនោះ អាមេរិកចង់ឱ្យអ៊ុយក្រែនលះបង់ទាំង២០%នោះទៅឱ្យរុស្ស៊ីតែម្ដងទៅ។ យោងតាមសំណើនោះ ក្រោយពេលចប់សង្គ្រាម ភាគីទាំង២ឯកភាពគ្នាយកដុនបាស់ជាតំបន់សេដ្ឋកិច្ចសេរីដែលគ្មានកងទ័ព។
ប៉ុន្តែលោកហ្សេឡិនស្គីចង់សង្កត់ធ្ងន់ថា «តំបន់សេដ្ឋកិច្ចសេរីមិនមែនមានន័យថាតំបន់នោះត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីទេ»។ បញ្ហាបូរណភាពទឹកដីគឺជាឧបសគ្គដ៏ធំមួយដែលរារាំងមិនឱ្យភាគីទាំង២ចរចាត្រូវរ៉ូវគ្នា។
