អង្គការសហប្រជាជាតិ – ឯកអគ្គរដ្ឋទូតចិន Fu Cong និងជប៉ុន Yamazaki Kazuyuki បានបន្តទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំងក្នុងពេលប្រជុំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារទី១៦ធ្នូ ដោយចិនបន្តទាមទារឲ្យនាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae ដកការលើកឡើងរបស់លោកស្រីអំពីភាពអាសន្នដែលអាចកើតមាននៅតៃវ៉ាន់។

លោក Yamazaki Kazuyuki តំណាងជប៉ុនបានថ្លែងថា៖ «វាជារឿងសោកស្តាយដែលចិនបានធ្វើសេចក្តីថ្លែងការណ៍គ្មានមូលដ្ឋានប្រឆាំងនឹងជប៉ុន។ ការលើកឡើងរបស់លោក Fu បានងាកចេញពីរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលជាការពិភាក្សាអំពីបញ្ហានានា រួមទាំងការជ្រើសរើសអគ្គលេខាធិការបន្ទាប់តែប៉ុណ្ណោះ។»
ផ្ទុយទៅវិញ លោក Fu Cong បានពិពណ៌នាអំពីការលើកឡើងរបស់លោកស្រី Takaichi ថា «នោះជាការជ្រៀតជ្រែកយ៉ាងឈ្លើយបំផុតនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន» ដោយសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយមិនអាចបំបែកចេញពីគ្នាបានទេ។

តំណាងចិនក៏បានផ្ញើលិខិតពីរដងចាប់តាំងពីខែមុនទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដោយស្វែងរកការដកនូបពាក្យសម្ដីលោកស្រី Takaichi ហើយបន្តថ្កោលទោសប្រទេសជប៉ុន។
ចាប់តាំងពីពេលនោះមក ទំនាក់ទំនងការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីលោកស្រី Takaichi បានបោះសម្ដីថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ។

អត្ថបទ៖ សាង ស្រីល័ក្ខ
