
គណបក្ស Kla Tham ដែលជាគណបក្សមានឥទ្ធិពលនៅក្នុងនយោបាយថៃ បានប្រកាសតែងតាំងលោក Thamanat Prompow ជាបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជាតិខែកុម្ភៈឆ្នាំ២០២៦។
តាមការផ្សាយរបស់ Bangkok Post មេបក្ស Kla Tham លោកស្រី Narumon Pinyosinwat បានបញ្ជាក់កាលពីថ្ងៃទី១៦ ធ្នូ ២០២៥ ថា គណបក្សផ្តោតលើលក្ខណៈសម្បត្តិ និងសមត្ថភាពជាជាងចំនួនបេក្ខជន។

លោក Thamanat Prompow ដែលជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានចោទប្រកាន់ជាច្រើនដងពីទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ (Scammer)។ លោក Chuvit Kamolvisit អ្នកនយោបាយថៃ បានចោទប្រកាន់លោក Thamanat ថាមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនចិនពណ៌ប្រផេះ (Chinese Grey Capital) ដែលពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កាលពីខែតុលា សមាជិកសភាគណបក្សប្រជាជនថៃ Rangsiman Rome ក៏បានចោទលោក Thamanat ពីទំនាក់ទំនងជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូង ដោយបង្ហាញរូបថតជាភស្តុតាង។
លោក Thamanat ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋរួចហើយ ដើម្បីបំភ្លឺពីទំនាក់ទំនងទាំងនេះ។
ការបោះឆ្នោតជាតិថៃនឹងរៀបចំឡើងនៅថ្ងៃទី៨ កុម្ភៈ ២០២៦ បន្ទាប់ពីការរំលាយសភាកាលពីថ្ងៃទី១២ ធ្នូ។
