រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានជំរុញឱ្យប្រជាពលរដ្ឋយោគយល់ចំពោះការបិទផ្លូវជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឱ្យកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) ប្រព្រឹត្តទៅដោយសុវត្ថិភាពនិងរលូន។

កម្មវិធីនេះនឹងរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីរសៀល ដោយមានគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាព និងជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងប្រទេសថៃ។

អាជ្ញាធរនឹងបិទចរាចរណ៍ជាបណ្ដោះអាសន្នតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីមុខផ្សាររាត្រី ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត រួចបត់ស្ដាំតាមមហាវិថីព្រះសុរាម្រឹត រហូតដល់រង្វង់មូលវិមានឯករាជ្យ។
សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

ក្រោយបញ្ចប់ពិធីខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ។ សេចក្ដីជូនដំណឹងនេះត្រូវបានផ្សព្វផ្សាយទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។
