រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaitong Kommasith បានបង្ហាញភាពមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះការបិទច្រកព្រំដែន Chong Mek របស់ថៃ ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រេងឥន្ធនៈដែលនាំចូលគឺសម្រាប់តែការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។

ការបិទច្រកនេះបានបណ្តាលឱ្យរថយន្តដឹកប្រេងប្រហែល ៨០ គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង ៤ លានលីត្រ ត្រូវជាប់គាំងនិងរង់ចាំនៅច្រកត្រួតពិនិត្យ Chong Mek ក្នុងខេត្តឧប៊ុនរ៉ាចាថានី។
លោក Kommasith បានចេញមុខបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃអង្គារទី១៦ ខែធ្នូ ឆ្នាំ២០២៥ថា មិនមានការនាំប្រេងបន្តចូលមកកម្ពុជាឡើយ ដោយប្រេងទាំងអស់គឺសម្រាប់តែប្រើក្នុងប្រទេសឡាវប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ូរ៉ាសាន់ គង់ស៊ីរី បានសុំទោសរួចហើយដល់ប្រជាជនឡាវដែលអាចរងផលប៉ះពាល់។ ថៃបានអះអាងថា ការបិទច្រកនេះគឺដើម្បីបង្ក្រាបការទិញប្រេង និងទំនិញយុទ្ធសាស្ត្ររបស់កម្ពុជាដោយប្រើឡាវជាច្រកឆ្លងកាត់។
យ៉ាងណាមិញ កម្ពុជាបានហាមឃាត់ការនាំចូលប្រេងឥន្ធនៈថៃតាំងពីចុងខែមិថុនាមកម្ល៉េះ ដោយបង្កើនការផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរីជាដើម។
