ភ្នំពេញ – កម្ពុជានឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅចុងខែមីនាខាងមុខនេះ នៅរាជធានីភ្នំពេញ។

ការរៀបចំកិច្ចប្រជុំនេះត្រូវបានពិភាក្សាក្នុងជំនួបការងាររវាងឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុប ដើម្បីឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានចែករំលែកទស្សនៈរួមអំពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែល កាលពីចុងខែកុម្ភៈ២០២៦។
ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗនៅក្នុងតំបន់ ដែលជាផលប្រយោជន៍រួមគ្នា។
