ទីក្រុងតេហេរ៉ង់ – អង្គការអឌ្ឍចន្ទក្រហមអ៉ីរ៉ង់បានប្រកាសថា មនុស្សស្លាប់ចំនួន ៧៨៧នាក់ នៅទូទាំងប្រទេស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលចាប់ផ្ដើមសង្រ្គាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់កាលពីចុងសប្ដាហ៍មុន។

តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានបង្ហាញនៅលើវែបសាយផ្លូវការរបស់អង្គការអឌ្ឍចន្ទក្រហមអ៉ីរ៉ង់ នាថ្ងៃអង្គារទី៣ ខែមីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ ការវាយប្រហារតាមផ្លូវអាកាសបានកើតឡើងនៅទីក្រុងចំនួន ១៥៣ និងទីតាំងជាង ៥០០កន្លែង ដោយមានការវាយប្រហារសរុបជាង ១,០០០លើក។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅថ្ងៃអង្គារនេះ សំឡេងផ្ទុះខ្លាំងៗបានលាន់ឮនៅទីក្រុងតេហេរ៉ង់ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់រាយការណ៍ពីហេតុការណ៍ផ្ទុះនៅតំបន់ Karaj ភាគខាងលិចរដ្ឋធានី និងទីក្រុង Isfahan ភាគកណ្ដាលប្រទេស។
ជាការឆ្លើយតប អ៉ីរ៉ង់បានចាប់ផ្ដើមវាយបកសងសឹកដោយបាញ់មីស៊ីល និងដ្រូនទៅលើអ៉ីស្រាអែល ព្រមទាំងបណ្ដាប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិក។

ស្ថានភាពបច្ចុប្បន្ននៅតែតានតឹង ដោយមានការវាយប្រហារទៅវិញទៅមករវាងភាគីទាំងពីរ ដែលធ្វើឱ្យពិភពលោកព្រួយបារម្ភពីសកម្មភាពយោធាដែលអាចពង្រីកទៅជាសង្រ្គាមតំបន់ធំទូលាយ។

ដោយ៖ តារា
