ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនក្រោយពីដាល់កញ្ចក់រថយន្តគេបណ្ដាលឲ្យបែក ហើយថែមទាំងវាយទៅលើស្ត្រីម្នាក់ជាប្រពន្ធអ្នកបើកបររថយន្ត បណ្តាលឱ្យរងរបួសមុខ។

ករណីហិង្សាដោយចេតនានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដៃដលដែលឃាត់ខ្លួនបានមានឈ្មោះ ជូ ថារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោរ។ ជនសង្ស័យបានធ្វើសកម្មភាពប្រើដៃវាយទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះឈ្មោះ ខេន វុធថៃ អាយុ២២ឆ្នាំ បណ្ដាលឲ្យបែកកញ្ចក់ទ្វារមុខ ខូចខាតទាំងស្រុង។

ជនសង្ស័យក៏បានវាយទៅលើប្រពន្ធជនរងគ្រោះដែលឈ្មោះ ថា មានអឺ ភេទស្រី អាយុ២២ឆ្នាំ ចំមុខមួយដៃថែមទៀត។ ករណីនេះកើតឡើងខណៈដែលជនរងគ្រោះមកចូលរួមកម្មវិធីមង្គលការបងប្អូនសាច់ញាតិនៅកន្លែងកើតហេតុ។

នគរបាលបានបញ្ជាក់ថា ករណីខាងលើកើតឡើងបណ្ដាលមកពីជនសង្ស័យស្រវឹងស្រាហើយខឹងជនរងគ្រោះថយរថយន្តកិនជើងខ្លួន។ ភ្លាមៗនោះជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៍។

កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជោរបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ។ សំណុំរឿងត្រូវបានបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

