ភ្នំពេញ៖ អ្នកវិភាគសង្គមឈ្មោះល្បីលោកបណ្ឌិត កៅ មុយថង បានចែងថា ពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នីតិកាលទី១៤ ដែលនឹងរៀបចំឡើងក្នុងខែមីនានេះ។

លោកបណ្ឌិត កៅ មុយថង បានថ្លែងកាលពីថ្ងៃទី៣ ខែមីនា ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួលយ៉ាងខ្លាំង និងស្ថានភាពអសន្តិសុខសកលដ៏ស្មុគស្មាញ មហាសន្និបាតនេះនឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើតុល្យភាពអំណាចសកល។
ចំណុចសំខាន់ៗដែលពិភពលោកកំពុងតាមដានមាន៖
១. យុទ្ធសាស្ត្រពង្រឹងសេដ្ឋកិច្ចផ្ទៃក្នុង៖ ក្នុងពេលសេដ្ឋកិច្ចសកលប្រឈមនឹងការបែកបាក់ ចិនកំពុងជំរុញ “កម្លាំងផលិតកម្មថ្មី” និងកំណត់គោលដៅកំណើន GDP ដែលមិនត្រឹមតែបង្ហាញទិសដៅសេដ្ឋកិច្ចផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងជាសូចនាករសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចសកលទាំងមូល។

២. គោលនយោបាយការបរទេសរឹងមាំ៖ ក្រោមសម្ពាធឯកតោភាគីនិយម ចិននឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ “ពហុភាគីនិយម” និងពង្រឹងតួនាទីក្នុង BRICS និង SCO ដើម្បីបង្កើនសមត្ថភាពទប់ទល់ពីខាងក្រៅ។
៣. ការពង្រឹងសមត្ថភាពយោធា៖ ក្នុងស្ថានភាពសន្តិសុខតំបន់ដ៏រសើប ការបង្ហាញថវិកាយោធារបស់ចិនគឺជាសញ្ញាណនៃការត្រៀមលក្ខណៈយុទ្ធសាស្ត្រ ដើម្បីរក្សាតុល្យភាពអំណាចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

៤. កំណែទម្រង់រចនាសម្ព័ន្ធដឹកនាំ៖ ការផ្លាស់ប្តូរសមាសភាពមន្រ្តីជាន់ខ្ពស់ និងការជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ គឺជាយុទ្ធសាស្ត្រពង្រឹងផ្ទៃក្នុងដើម្បីបង្កើនប្រសិទ្ធភាពអភិបាលកិច្ច។
លោកបណ្ឌិត កៅ មុយថង សង្កត់ធ្ងន់ថា តាមរយៈមហាសន្និបាតឆ្នាំ២០២៦នេះ ចិននឹងបង្ហាញអាទិភាពក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចផ្ទៃក្នុង ព្រមជាមួយការពង្រឹងសមត្ថភាពប្រកួតប្រជែងយុទ្ធសាស្ត្ររយៈពេលវែងនៅលើឆាកអន្តរជាតិ។
ប្រភព៖ CCFR
