ភ្នំពេញ៖ ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងខ្ពស់ ខណៈភាគហ៊ុនទូទាំងពិភពលោកធ្លាក់ចុះ ដោយសារការព្រួយបារម្ភពីជម្លោះរវាងអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ។

តម្លៃប្រេងអន្តរជាតិបានកើនឡើងប្រមាណ ៧% កាលពីថ្ងៃចន្ទ ដោយតម្លៃប្រេងឆៅ Brent របស់អាមេរិកបានឡើងដល់ ៨២ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីកប៉ាល់យ៉ាងហោចណាស់បីគ្រឿងត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រ Hormuz កាលពីចុងសប្តាហ៍មុន។

តម្លៃឧស្ម័នធម្មជាតិក៏បានកើនឡើងខ្ពស់ដែរ បន្ទាប់ពីក្រុមហ៊ុន Qatar Energy ដែលជាក្រុមហ៊ុននាំចេញឧស្ម័នធំជាងគេបំផុតរបស់ពិភពលោក បានបញ្ឈប់ការផលិត បន្ទាប់ពីការវាយប្រហារលើរោងចក្ររបស់ខ្លួន។ តម្លៃគោលឧស្ម័ននៅអឺរ៉ុបបានកើនឡើងរហូតដល់ ៤៥% ដល់ប្រហែល ៤៦ អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង។

មិនត្រឹមតែប៉ុណ្ណោះទេ ភាគហ៊ុនទូទាំងពិភពលោកក៏បានធ្លាក់ចុះផងដែរ ខណៈតម្លៃមាសកើនឡើង ៥ វគ្គជាប់ៗគ្នា ដោយសារក្រុមវិនិយោគិនស្វែងរកការតម្កល់ទុកទ្រព្យសកម្មដ៏មានសុវត្ថិភាពក្នុងពេលមានភាពមិនច្បាស់លាស់។

អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាបន្តកាន់តែធ្ងន់ធ្ងរ វាអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យអតិផរណាកើនឡើងខ្ពស់ទៀត។
ដោយ៖ តារា
