ក្រសួងការងារ និង UNDP រួមគ្នាពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីការពារប្រាក់សន្សំកម្មករនិយោជិត

ក្រសួងការងារ និង UNDP រួមគ្នាពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីការពារប្រាក់សន្សំកម្មករនិយោជិត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពង្រឹងកិច្ចសហការរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតកម្ពុជា។

កិច្ចប្រជុំក្រសួងការងារ និង UNDP

ក្នុងជំនួបដ៏សំខាន់នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាង UNDP ប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងផ្ដួចផ្ដើមយុទ្ធសាស្ត្រថ្មីចំនួនពីរ។

កិច្ចពិភាក្សារវាងក្រសួងការងារ និង UNDP

យុទ្ធសាស្ត្រទីមួយគឺការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់កម្មករនិយោជិត។ ចំណែកយុទ្ធសាស្ត្រទីពីរគឺការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំពិភាក្សាការងារ

លោករដ្ឋមន្ត្រី ហេង សួរ បានសង្កត់ធ្ងន់ថា៖ «ថវិកាទាំងនេះមិនមែនត្រឹមតែជាភាគទាននោះទេ តែវាជាប្រាក់សន្សំដ៏មានតម្លៃរបស់កម្មករនិយោជិត ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយតម្លាភាព និងហ្មត់ចត់បំផុត»។

កិច្ចប្រជុំសហការក្រសួងការងារ UNDP

ភាគីទាំងពីរបានយល់ព្រមគ្នាលើការងារស្នូលចំនួនពីរ៖ ទីមួយ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដាន និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់មូលនិធិឱ្យកាន់តែមានតម្លាភាព និងទីពីរ ការសិក្សាយ៉ាងល្អិតល្អន់ពីជម្រើសនៃការវិនិយោគប្រកបដោយសុវត្ថិភាព។

កិច្ចសហការក្រសួងការងារ UNDP

លោក អេនរីកូ ហ្គាវេលីយ៉ា បានអះអាងថា UNDP ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការរចនាឧបករណ៍ហិរញ្ញវត្ថុទំនើបៗ ដើម្បីធានាសុវត្ថិភាពនិងទំនុកចិត្តក្នុងការវិនិយោគ។

កិច្ចប្រជុំសហការការងារ

កិច្ចសហការនេះស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានគោលបំណងលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំសហការការងារសង្គម

លោករដ្ឋមន្ត្រីក៏បានផ្តល់ទស្សនទានថា ក្នុងការវិនិយោគតាមគោលការណ៍ ESG សុវត្ថិភាព និងសុខភាពការងារ (OSH) របស់កម្មករនិយោជិត ត្រូវតែចាត់ទុកជាស្នូលកណ្តាល ដើម្បីធានាការអភិវឌ្ឍសង្គម និងបរិស្ថានប្រកបដោយចីរភាព។

កិច្ចប្រជុំសហការការងារសង្គមកម្ពុជា

កិច្ចសហការនេះគឺជាជំហានសំខាន់ក្នុងការធានាថា ប្រាក់សន្សំរបស់កម្មករនិយោជិតនឹងត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់នៅពេលឈានដល់វ័យចូលនិវត្តន៍។

កិច្ចសហការក្រសួងការងារ UNDP កម្ពុជា

ដោយ៖ តារា

administrator

Related Articles