ផ្សែងហុយចេញពីគំនរបាក់បែកនៃវិមានមេដឹកនាំកំពូលនៅទីក្រុងតេហេរ៉ង់ មិនទាន់រលត់នៅឡើយទេ ខណៈពិភពលោកកំពុងទប់ដង្ហើមតាមដានយ៉ាងអន្ទះសារ។ ៥ថ្ងៃបន្ទាប់ពីសង្រ្គាមបានផ្ទុះឡើង ស្ថានភាពមជ្ឈិមបូព៌ាបានផ្លាស់ប្តូរទាំងស្រុង។

ការស្លាប់របស់លោក Ali Khamenei និងការងើបឡើងនៃ «ក្រុមប្រឹក្សាដឹកនាំបណ្តោះអាសន្ន» បានធ្វើឲ្យសង្រ្គាមនេះលែងជាជម្លោះក្នុងតំបន់ទៀតហើយ ប៉ុន្តែវាប្រៀបដូចជាឈើគូសហៀបនឹងបញ្ចេញផ្កាភ្លើងដុតបញ្ឆេះធុងរំសេវពិភពលោកទាំងមូល។
អ្នកជំនាញយុទ្ធសាស្ត្រយោធាបានព្រមានអំពី «ចំណុចផ្ទុះ» ចំនួន៤ ដែលអាចរុញច្រានជម្លោះនេះឲ្យទៅជាសង្រ្គាមលោកលើកទី៣៖
១. ការលូកដៃពីមហាអំណាចយក្ស
គ្រោះថ្នាក់បំផុតគឺប្រតិកម្មរបស់រុស្ស៊ី និងចិន។ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឈានជើងចូលឈ្លានពានអ៊ីរ៉ង់តាមជើងគោកពេញទំហឹង រុស្ស៊ីអាចនឹងបង្ខំចិត្តចេញមុខការពារសម្ព័ន្ធមិត្តរបស់ខ្លួន។

២. អាវុធនុយក្លេអ៊ែរ៖ សន្លឹកបៀចុងក្រោយ
ជម្រកនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់នៅតែជាអាថ៌កំបាំងដ៏គួរឲ្យខ្លាច។ បើរបបដឹកនាំអ៊ីរ៉ង់មានអារម្មណ៍ថាខ្លួនកំពុងតែដួលរលំ ពួកគេអាចនឹងសម្រេចចិត្តប្រើប្រាស់ «សន្លឹកបៀចុងក្រោយ»។
៣. ខ្សែបន្ទាត់ក្រហមរបស់អង្គការណាតូ
សង្រ្គាមនេះបានរីករាលដាលដល់មាត់ទ្វារអឺរ៉ុបទៅហើយ! បើអ៊ីរ៉ង់ ឬដៃជើងរបស់ខ្លួន ហ៊ានវាយប្រហារចំទឹកដីសមាជិកណាតូ ច្បាប់ការពាររួម «មាត្រា ៥» នឹងត្រូវយកមកប្រើប្រាស់។

៤. មហន្តរាយសេដ្ឋកិច្ច និងឱកាសនិយម
នៅពេលច្រកសមុទ្រ Hormuz ត្រូវបិទ ហើយតម្លៃប្រេងអាចហក់ឡើងដល់កម្រិតកំណត់ត្រា សេដ្ឋកិច្ចពិភពលោកនឹងដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មាន។
បើមានសង្រ្គាមផ្ទុះឡើងព្រមគ្នានៅមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងអាស៊ីបូព៌ា នោះហើយគឺជា «សង្រ្គាមលោកលើកទី៣»៕
អត្ថបទ៖ ឈាង
