ខេត្តសៀមរាប៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឃុំតាសៀម ឃុំកន្ទួត និងឃុំស្វាយលើ ស្រុកស្វាយលើ។

ក្នុងឱកាសនោះ លោកអភិបាលរងបានណែនាំ និងអប់រំដល់ម្ចាស់សិប្បកម្មកែច្នៃដែលខុសច្បាប់ ដោយបញ្ជាក់ថា បើចង់បន្តធ្វើអាជីវកម្ម ត្រូវធ្វើកិច្ចសន្យាព្រមព្រៀងតាមច្បាប់ និងប្រើឈើស្របច្បាប់តែប៉ុណ្ណោះ។

កន្លងមក អាជ្ញាធរបានធ្វើការចុះណែនាំ និងបញ្ឈប់សកម្មភាពខុសច្បាប់ជាច្រើនលើក ប៉ុន្តែម្ចាស់សិប្បកម្មនៅតែបន្តធ្វើ។ ដូច្នេះ ក្រុមការងារបានអនុវត្តតាមផ្លូវច្បាប់ ដោយរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ជាដាច់ខាត។

មន្ត្រីជំនាញបានធ្វើការចុះពិនិត្យ និងបង្ក្រាបបទល្មើសជាច្រើនទីតាំង៖
- ចុះកិច្ចសន្យាបញ្ឈប់សិប្បកម្មកែច្នៃ៣ទីតាំងក្នុងភូមិអភិវឌ្ឍន៍អូរតាកុក ឃុំកន្ទួត
- ដកហូតម៉ាស៊ីនកែច្នៃ និងរឹបអូសឈើខុសច្បាប់២ទីតាំងក្នុងភូមិក្រមុំបូល ឃុំកន្ទួត

- ណែនាំឱ្យបញ្ឈប់ទីតាំងឡដុតយកធ្យូង១ទីតាំងក្នុងភូមិត្រពាំងពពេល ឃុំតាសៀម
- រឹបអូសម៉ាស៊ីនកែច្នៃ និងបញ្ឈប់សិប្បកម្មកែច្នៃ២ទីតាំងក្នុងភូមិជប់លើ ឃុំស្វាយលើ

លោកអភិបាលរងក៏បានណែនាំឱ្យប្រជាពលរដ្ឋងាកទៅប្រកបរកមុខរបរផ្សេងៗដែលស្របច្បាប់ក្នុងការចិញ្ចឹមជីវិត។

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


