
អ៊ីស្រាអែលបានប្រកាសយ៉ាងច្បាស់ថា នឹងបន្តធ្វើឃាតអ្នកឡើងស្នងតំណែងមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នៅពេលភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងឆាបឆេះខ្លាំង។
សារព័ត៌មាន NDTV បានចេញផ្សាយអត្ថបទដោយដកស្រង់សំណេររបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz ដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃពុធទី៤ ខែមីនា។ លោក Katz បានសរសេរថា៖ «មេដឹកនាំរូបណាក៏ដោយ ឲ្យតែអ៊ីរ៉ង់តែងតាំងដើម្បីបន្តផែនការកម្ទេចអ៊ីស្រាអែល គំរាមកំហែងសហរដ្ឋអាមេរិក និងពិភពលោកសេរី ក៏ដូចជាបណ្ដាប្រទេសនៅក្នុងតំបន់និងធ្វើបាបប្រជាជនអ៊ីរ៉ង់ នោះនឹងក្លាយជាគោលដៅកម្ចាត់ចោល។ មិនថាបុគ្គលនោះមានឈ្មោះអ្វី ឬលាក់ខ្លួននៅទីណានោះទេ»។

ស្របពេលជាមួយគ្នានោះ លោក Katz ក៏បានរាយការណ៍ទៅនាយករដ្ឋមន្ត្រី និងបញ្ជាឲ្យកងកម្លាំងការពារអ៊ីស្រាអែលត្រៀមខ្លួន និងធ្វើសកម្មភាពតាមគ្រប់មធ្យោបាយ ដើម្បីសម្រេចបេសកកម្មនេះឲ្យបាន។
ការគំរាមនេះកើតឡើងស្របពេលក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់ សម្រេចលើកលោក Mojtaba Khamenei វ័យ៥៦ឆ្នាំ ឲ្យឡើងកាន់អំណាចបន្តពីឪពុកក្នុងនាមជាមេដឹកនាំកំពូល។
លោក Mojtaba ជាអ្នកប្រកាន់ខ្ជាប់នូវគោលនយោបាយអភិរក្សនិយមតឹងរ៉ឹង និងមានទំនាក់ទំនងជិតស្និទ្ធជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម។ លោកមិនមានតួនាទីផ្លូវការនៅក្នុងជួររដ្ឋាភិបាល ហើយត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩។
ការតែងតាំងនេះត្រូវបានចាត់ទុកថាជារឿងមិននឹកស្មានដល់ ដោយសាររបបបច្ចុប្បន្នរបស់អ៊ីរ៉ង់តែងតែប្រឆាំងនឹងការផ្ទេរអំណាច «តពូជ»។ លោកក៏ខ្វះលក្ខណៈសម្បត្តិផ្នែកសាសនាដែលតម្រូវដោយក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
អ្នកជំនាញលើកឡើងថា មេដឹកនាំបន្តវេនទំនងមិនអាចក្តោបក្តាប់អំណាចផ្តាច់មុខដូចលោក Ali Khamenei ដែលដឹកនាំអស់រយៈពេល៣៧ឆ្នាំនោះទេ។ លោក Mehdi Khalaji ដែលជាអ្នកសរសេរជីវប្រវត្តិរបស់លោក Ali Khamenei បានប្រាប់សារព័ត៌មាន Wall Street Journal ថា មេដឹកនាំកំពូលបន្ទាប់នឹងគ្រាន់តែជា «និមិត្តរូប» ប៉ុណ្ណោះ។
