ខេត្តព្រះវិហារ៖ នៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំក្រុមមន្ត្រីរាជការ និងឧទ្យានុរក្ស រួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា រៀបចំពិធីរំលឹកដល់វិញ្ញាណក្ខន្ធដំរីព្រៃ (មេ និងកូន) ចំនួន២ក្បាល ដែលបានស្លាប់កាលពីខែធ្នូ ឆ្នាំ២០២៥។

ពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋក្នុងសហគមន៍ និងតំណាងអង្គការសង្គមស៊ីវិល សរុបជាង២០០នាក់។ ពិធីបុណ្យរំលឹកនេះត្រូវបានរួមបញ្ចូលជាមួយពិធីបុណ្យខួបលើកទី៩នៃការបំបួសព្រៃព្រះរការ។

ដំរីព្រៃទាំង២ក្បាលនេះបានស្លាប់បន្ទាប់ពីរងរបួសធ្ងន់ធ្ងរដោយសារការបាញ់ផ្លោងពីកងទ័ពថៃ ដែលបានចូលមកក្នុងទឹកដីកម្ពុជានៅដែនជម្រកសត្វព្រៃព្រះរការ តំបន់អូរស្កាច ខេត្តព្រះវិហារ។
យោងតាមការសិក្សា ដំរីព្រៃនៅតំបន់ព្រះរការ-ឆែបមានចំនួនចន្លោះពី១៥-២០ក្បាល ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងកម្ពុជា ឡាវ និងថៃ។ មន្ត្រីបរិស្ថានមានគម្រោងរក្សាទុកគ្រោងឆ្អឹងដំរីជាសំណាកសម្រាប់ការសិក្សាស្រាវជ្រាវនាពេលខាងមុខ។
ពិធីបុណ្យបំបួសព្រៃជាប្រពៃណីដ៏យូរលង់របស់ជនជាតិដើមភាគតិច ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមការពារធនធានធម្មជាតិសម្រាប់ជំនាន់ក្រោយ។
