កម្ពុជាចុះហត្ថលេខាសហការជាមួយអង្គការអាមេរិក ដើម្បីគាំទ្រជនរងគ្រោះមីន

កម្ពុជាចុះហត្ថលេខាសហការជាមួយអង្គការអាមេរិក ដើម្បីគាំទ្រជនរងគ្រោះមីន

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា គោលនយោបាយរបស់សម្តេចធិបតី មិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៀតឡើយ។

កិច្ចចុះហត្ថលេខាសហការ

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន។

អនុស្សារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

ពិធីចុះហត្ថលេខាសហការ

លោក លី ធុជ បានលើកឡើងថា កម្ពុជាបានរស់នៅជាមួយនឹងផលវិបាកនៃសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និងរារាំងសហគមន៍ទាំងមូល។

“ការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់ដល់គ្រួសារ និងជីវភាពរស់នៅរបស់ប្រជាជន” លោកបានអះអាង។

កិច្ចប្រជុំសហការ

ដោយយល់ឃើញពីផលវិបាកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចក្ខុវិស័យដឹកនាំសកម្មភាពមីនជាអាទិភាពមួយរបស់កម្ពុជា។

គោលនយោបាយរបស់សម្តេចសង្កត់ធ្ងន់លើការមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីន និងអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្រ្គោះ។

ការពិភាក្សាសហការ

លោកបានបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹងត្រូវអនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជាសម្រាប់សកម្មភាពមីន និងជំនួយជនរងគ្រោះ។

លោកក៏បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Mayaguez Memorial VFW Post 11575 ចំពោះការលះបង់ ទឹកចិត្តសប្បុរស និងការប្តេជ្ញាចិត្តឈរជាមួយជនរងគ្រោះកម្ពុជា។

ការសហការអន្តរជាតិ

លោកបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ Mayaguez Memorial VFW Post 11575 ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជាដៃគូដើម្បីបង្កើនការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន។

កិច្ចសហប្រតិបត្តិការ

កិច្ចសហប្រតិបត្តិការនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចក្ខុវិស័យកម្ពុជាគ្មានមីន និងការគាំទ្រជនរងគ្រោះឱ្យមានជីវភាពធូរធារឡើងវិញ។

administrator

Related Articles