ភ្នំពេញ៖ ការចូលរួមរបស់ស្ត្រីមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ ដោយមានសន្តិភាពគឺមានអ្វីគ្រប់យ៉ាង ក្រោមម្លប់សន្តិភាពដែលឋានៈស្ត្រីត្រូវបានលើកកំពស់។

លោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីនិងក្មេងស្រីមានឱកាសសិក្សាច្រើន ហើយសិស្សស្រីក៏ជាសិស្សរើនពូកែផងដែរ។ ស្ត្រីអាចបំពេញការងារ រកប្រាក់ចំណូលបានយ៉ាងច្រើន ដើម្បីចិញ្ចឹមគ្រួសារ។

“ស្ត្រីជាសសៃឈាមនិងជាឆ្អឹងខ្នងរបស់សង្គមជាតិ។ រាជរដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះស្ត្រី ក្នុងការងារចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ” លោកស្រី កែវ រ័ត្នតារា បានមានប្រសាសន៍។
សិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក» អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

លោក ពេញ ធារម្យ អភិបាលរងរាជធានីបានលើកឡើងថា ការចូលរួមរបស់ស្ត្រីគឺមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ “មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង។ ក្រោមម្លប់សន្តិភាព ឋានៈរបស់ស្ត្រីត្រូវបានលើកកំពស់”។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីបានមានប្រសាសន៍ថា សន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ គឺជាសមិទ្ធផលដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក ម៉ប់ សារិន បានបន្តថា សិក្ខាសាលានេះផ្តោតទៅលើសុខភាពភ្នែកសម្រាប់ស្ត្រី ដោយសង្ឃឹមថាស្ត្រីនៅពេលមានបញ្ហាភ្នែក អាចទៅទទួលសេវាព្យាបាលភ្នែកបានភ្លាមៗនៅថ្នាក់ក្រោមជាតិ។
