ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្រ្កាបឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំខ្លួនជាអ្នកដឹកម្ហូប ដើម្បីលក់បារីអេឡិចត្រូនិចខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ បន្ទាប់ពីឃាត់ខ្លួនរួច កម្លាំងអាវុធហត្ថបានឆែកផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ហើយរឹបអូសបានបារីអេឡិចត្រូនិចចំនួន៩១ប្រអប់។

ការស្រាវជ្រាវបង្ហាញថា ជនសង្ស័យបានប្រើវិធីបន្លំខ្លួនជាអ្នកដឹកម្ហូបអាហារ ដើម្បីលាក់បាំងការលក់បារីអេឡិចត្រូនិចខុសច្បាប់។ នេះជាការទប់ស្កាត់មួយក្នុងចំណោមករណីជាច្រើនដែលអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាប។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

