ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចលក់បារីអេឡិចត្រូនិច នៅវេលាម៉ោង១៨:៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដែលកម្លាំងអាវុធហត្ថបានចុះបង្ក្រាបជនសង្ស័យកំពុងលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី។

ក្រោយពីចាប់ខ្លួននៅទីកន្លែងលក់ កម្លាំងអាវុធហត្ថបានបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅ ចំណុចផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។

នៅក្នុងបន្ទប់ស្នាក់នៅ កម្លាំងអាវុធហត្ថបានរកឃើញ និងចាប់យកវត្ថុតាងបារីអេឡិចត្រូនិចចំនួន៩១ប្រអប់ ដែលត្រូវបាននាំយកមកអង្គភាពដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការចុះបង្ក្រាបលើកនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងនឹងការលក់បារីអេឡិចត្រូនិចដែលអាវុធហត្ថរាជធានីភ្នំពេញបានធ្វើជាបន្តបន្ទាប់។

អាវុធហត្ថរាជធានីភ្នំពេញបានអះអាងថា ពួកគេនឹងបន្តធ្វើការទប់ស្កាត់ និងបង្ក្រាបអំពើលក់ដូរបារីអេឡិចត្រូនិចដែលគ្មានការអនុញ្ញាតជាបន្តបន្ទាប់។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីរកឃើញបណ្តាញលក់ដូរបារីអេឡិចត្រូនិចផ្សេងទៀត។

អាវុធហត្ថរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រឆាំងនឹងអំពើលក់ដូរបារីអេឡិចត្រូនិចខុសច្បាប់ និងរាយការណ៍ព័ត៌មានទាក់ទងនឹងសកម្មភាពប្រកបដោយគ្រោះថ្នាក់នេះ។
ដោយ៖ សិលា
