ភ្នំពេញ – ក្នុងរយៈពេលត្រឹមតែ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះអគ្គិភ័យចំនួន៩៧ករណី ដែលបានបំផ្លាញទ្រព្យសម្បត្តិរាប់រយខ្នង។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេន៍ ក្រសួងមហាផ្ទៃ ដែលបានចេញនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គ្រោះអគ្គិភ័យទាំងនេះបានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។

ក្រៅពីនេះ គ្រោះអគ្គិភ័យក៏បានបំផ្លាញអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរទុយយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រោងចក្រ១ខ្នង និងរថយន្ត៣គ្រឿង។

គ្រោះអគ្គិភ័យទាំងនេះបានកើតឡើងនៅតាមខេត្តផ្សេងៗ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប រតនៈគិរី និងខេត្តបន្ទាយមានជ័យ។

អាជ្ញាធរដែលទទួលបន្ទុកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុវត្ថិភាពអគ្គិភ័យឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះអគ្គិភ័យនាពេលខាងមុខ។

