ខេត្តកំពង់ស្ពឺ៖ គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបានកើតឡើងនៅស្រុកឱរ៉ាល់ នៅពេលដែលភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារស្នាក់នៅរបស់ប្រជាពលរដ្ឋ។

សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា នៅវេលាម៉ោង១៣៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងឃុំសង្កែស្រទប ស្រុកឱរ៉ាល់ មានករណីខ្យល់កន្ត្រាក់និងភ្លៀងធ្លាក់ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៣ភូមិ។

តាមរបាយការណ៍ពីសមត្ថកិច្ច ក្នុងភូមិតាម៉ិញ ឃុំសង្កែស្រទាប មានផ្ទះរលំ៣ខ្នង ដាច់សំយាបផ្ទះ២ខ្នង របើកដំបូលក្បឿង៣០ខ្នង រលំរោងការ១រោង និងផ្លាកគណបក្សនិងយីហោភេសជ្ជៈបូសស្ត្រង់រលំបាក់។

នៅភូមិតាំងស្រឹង មានផ្ទះរបើកដំបូលក្បឿង៣ខ្នង របើកដំបូលស័ង្កសី៣ខ្នង និងផ្លាកគណបក្សរលំបាក់១ផ្ទាំង។ ចំណែកឯភូមិស្រែវៀន មានផ្ទះរបើកដំបូលក្បឿង៤ខ្នង និងរបើកដំបូលស័ង្កសី១៦ខ្នង។

សរុបការខូចខាតនៅឃុំសង្កែស្រទបមាន៖ ផ្ទះរលំ៣ខ្នង ដាច់សំយាបផ្ទះ២ខ្នង របើកដំបូលក្បឿង៣៧ខ្នង របើកដំបូលស័ង្កសី១៩ខ្នង រលំរោងការ១រោង ផ្លាកគណបក្សរលំបាក់២ផ្ទាំង និងផ្លាកយីហោភេសជ្ជៈបូសស្ត្រង់រលំបាក់២ផ្ទាំង។

សមត្ថកិច្ចបានបញ្ជាក់ថា ទោះបីជាមានការខូចខាតអគារយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏គ្មានអ្នករងរបួស ឬគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការវាយតម្លៃការខូចខាត និងរៀបចំផែនការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

អត្ថបទសរសេរដោយ អ៊ំ ណូន
កែសម្រួលដោយ ធីតា

