ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយតំណាងស្ថានទូតម៉ាឡេស៊ី ដោយផ្ដោតលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងបច្ចុប្បន្ន។

លោក ផៃ ស៊ីផាន បានលើកឡើងពីឯកសារប្រវត្តិសាស្រ្តទាក់ទងនឹងការកំណត់ព្រំដែន ដោយអះអាងថា ថៃកំពុងរំលោភបំពានលើឯកសារគតិយុត្តិដែលបានព្រមព្រៀងរួមគ្នា។ លោកបានប្រាប់មន្ត្រីទូតម៉ាឡេស៊ីអំពីប្រវត្តិព្រំដែនចាប់តាំងពីឆ្នាំ១៩០៤, ១៩០៧, ១៩០៨, ១៩៤៦, ១៩៦២ និង២០១២។

មន្ត្រីជាន់ខ្ពស់កម្ពុជាបានគូសបញ្ជាក់ពីពាក្យគន្លឹះទាំង៣ចំណុច គឺព្រំដែនអន្តរជាតិដែលមានស្រាប់ ខ្សែព្រំដែនស្ថិរភាព និងព្រំដែនស្ថាពរ ដែលត្រូវបានប្រើប្រាស់ក្នុងសន្ធិសញ្ញា Washington ១៩៤៦ និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ទាំងក្នុងទម្រង់អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង បានទទួលស្គាល់ព្រំដែនអន្តរជាតិដែលមានស្រាប់ ស្ថិរភាព និងស្ថាពរ។ លោកបញ្ជាក់ថា បញ្ហាព្រំដែនពុំមានឧបសគ្គ បើផ្អែកលើឯកសារគតិយុត្តិដែលមានស្រាប់។

តាមរយៈជំនួបនេះ លោក ផៃ ស៊ីផាន បានអរគុណដល់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់ និងជួយសម្រួលក្នុងកិច្ចស្វែងរកសន្តិភាពដល់កម្ពុជា និងថៃ។
ដោយ៖ តារា
