ខេត្តកំពង់ចាម៖ មាត់ទន្លេមេគង្គក្នុងក្រុងកំពង់ចាមកំពុងត្រូវបានធ្វើឱ្យស្រស់ស្អាតឡើងវិញដោយការដាំផ្កាចម្រុះពណ៌ចំនួន១០ម៉ឺនដើម ក្រោមការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានប្រាប់ថា ក្រោយពីទទួលបានការណែនាំពីអភិបាលខេត្ត សាលាក្រុងបានចាត់ចែងទិញពូជផ្កា៥ប្រភេទពីក្នុងស្រុក រួមមាន៖ ផ្កាឈូករ័ត្ន ផ្កាស្បៃរឿង ផ្ការីករាយ ផ្កាម៉ាំ និងផ្កាឡាត់។

“យើងបានរៀបចំប្រព័ន្ធទុយោទឹកស្រោចស្រពតាមបច្ចេកទេសត្រឹមត្រូវ ហើយមានការថែទាំរាល់ថ្ងៃពីក្រុមកម្មករ” លោក លី សុវណ្ណ បានពន្យល់។
គោលបំណងចម្បងគឺដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកំសាន្តលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅពេលផ្ការីកស្រស់ស្អាត ភ្ញៀវនឹងអាចមកគយគន់ ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅមាត់ទន្លេមេគង្គ។

លោក ឈៀង វឹត កម្មករសាលាក្រុងអាយុ៦០ឆ្នាំ បានរៀបរាប់ថា៖ “កម្មករប្រុសស្រីសាលាក្រុងជិត៥០នាក់ ត្រូវបាននាំគ្នាមកឈូសឆាយដី និងដាំផ្កានៅចុងខែមករា។ យើងត្រូវមកមើលថែទាំរាល់ថ្ងៃ ស្រោចទឹក និងការពារកុំឱ្យគោក្របីចូលមកតំបន់នេះ។”

ឆ្នាំ២០២៥ មានតែផ្កាស្បៃរឿងមួយមុខប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៦នេះ ផ្កាចម្រុះពណ៌នឹងធ្វើឱ្យមាត់ទន្លេក្រុងកំពង់ចាមកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវបន្ថែមទៀត។

សម្រាប់សុវត្ថិភាពភ្ញៀវ ក្រុមសន្តិសុខបានរៀបចំទុកដាក់កន្លែងផ្ញើកង់ម៉ូតូត្រឹមត្រូវ ដើម្បីចៀសវាងការបាត់បង់ទ្រព្យសម្បត្តិ។

អភិបាលក្រុងបានបន្តថា ផ្ការីករាយបានចាប់ផ្ដើមចេញផ្ការីកស្រស់បំព្រងមួយៗហើយ ហើយសង្ឃឹមថានៅពេលចូលឆ្នាំខ្មែរ ទីតាំងនេះនឹងមានភ្ញៀវមកទស្សនាច្រើន។

ការអភិវឌ្ឍនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទាក់ទាញទេសចរណ៍របស់ខេត្តកំពង់ចាម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្នុងតំបន់។







អត្ថបទសរសេរដោយ យ៉ាន់ ចាន់ថេត
កែសម្រួលដោយ ធីតា
