អន្តរជាតិ – ការប៉ះទង្គិចយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានកើនឡើងដល់កម្រិតថ្មី បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់ IRIS Dena ត្រូវបានបាញ់ពន្លិចនៅមហាសមុទ្រឥណ្ឌា ដោយមីស៊ីលបាញ់ចេញពីនាវាមុជទឹកអាមេរិក។ ការវាយប្រហារនេះបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៨០នាក់ស្លាប់ និងមនុស្ស៣២នាក់ទៀតត្រូវបានជួយសង្រ្គោះដោយកងទ័ពជើងទឹកស្រីលង្កា។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់នៅថ្ងៃពុធថា នាវាមុជទឹកអាមេរិកបានវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនៅក្នុងដែនទឹកអន្តរជាតិ នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសស្រីលង្កា។ លោកមិនបានលើកឡើងពីការជួយសង្រ្គោះរបស់ស្រីលង្កានោះទេ ប៉ុន្តែទីតាំងការវាយប្រហារស្របគ្នានឹងទីតាំងដែលកងទ័ពស្រីលង្កាកំពុងធ្វើប្រតិបត្តិការសង្រ្គោះ។

នៅលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនេះ ត្រូវបានគេជឿថាមានមនុស្សជិះប្រហែល១៨០នាក់ ដែលបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជីវិតអ្នកដែលនៅសល់។ សង្រ្គាមរវាងអាមេរិកនិងអ៊ីស្រាអែលទល់នឹងអ៊ីរ៉ង់ បានរីករាលដាលពីការបាញ់ប្លោងដាក់គ្នាតាមអាកាស នៅតំបន់មជ្ឈិមបូព៌ា មកតាមជើងទឹកបន្ថែមទៀត។
ការប្រយុទ្ធគ្នាបានធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់ច្រក Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ បានជាប់គាំងអស់រយៈពេល៥ខែមកហើយ។ សង្រ្គាមផ្លូវទឹកនេះបានបិទចរន្តប្រេង និងឧស្ម័នសំខាន់ៗនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្រូវការប្រេងកាតពិភពលោកកើនឡើង។
ប្រភព៖ VAYO
