រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី ដែលបានលិចនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ចន្លោះប្រទេសលីប៊ី និងប្រទេសម៉ាល់តា។

យោងតាមការចុះផ្សាយរបស់ Al Jazeera នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរកំពង់ផែលីប៊ីបានបញ្ជាក់ថា៖ «នាវាដឹកប្រេងនេះត្រូវបានវាយប្រហារ និងផ្ទុះឆេះភ្លាមៗ បន្ទាប់មកមានអគ្គិភ័យដ៏ធំមួយ នាំឱ្យនាវាលិចទាំងស្រុងនៅយប់ថ្ងៃអង្គារ នាភាគខាងជើងនៃកំពង់ផែ Sirte នៃប្រទេសលីប៊ី»។
លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ីនៅថ្ងៃពុធថា៖ «នេះជាការវាយប្រហារភេរវកម្ម។ នេះមិនមែនជាលើកទីមួយទេដែលយើងបានឃើញរឿងបែបនេះកើតឡើង»។ លោកពូទីនបានទាមទារឲ្យទីក្រុងកៀវទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។

ក្រសួងដឹកជញ្ជូនរុស្ស៊ីបានឲ្យដឹងថា កប៉ាល់ Arctic Metagaz ដែលបានដឹកឧស្ម័នធម្មជាតិរាវ (LNG) ពីកំពង់ផែ Murmansk នៃតំបន់អាកទិក ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) របស់កងទ័ពជើងទឹកអ៊ុយក្រែនបាញ់ចេញពីឆ្នេរសមុទ្រលីប៊ី។
ក្រសួងបន្តថា សមាជិកនាវិកទាំង ៣០នាក់ ជាជនជាតិរុស្ស៊ីមានសុវត្ថិភាពទាំងអស់ ដោយសារការជួយសង្គ្រោះពីភ្នាក់ងារប្រទេសម៉ាល់តា។
រុស្ស៊ីបានបន្ថែមថា៖ «យើងចាត់ទុកអ្វីដែលបានកើតឡើងថាជាទង្វើភេរវកម្មអន្តរជាតិ និងចោរសមុទ្រ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ»។

យោងតាមការណែនាំពីទីភ្នាក់ងារជួយសង្គ្រោះសមុទ្រលីប៊ី កប៉ាល់ Arctic Metagaz បានលិចនៅក្នុងដែនទឹករវាងប្រទេសលីប៊ី និងប្រទេសម៉ាល់តា បន្ទាប់ពីឆេះនៅយប់ថ្ងៃអង្គារ។
អាជ្ញាធរកំពង់ផែលីប៊ីនិយាយថា កប៉ាល់នេះកំពុងដឹកឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ ៦២,០០០តោន នៅតាមផ្លូវទឹកទៅកាន់ទីក្រុង Port Said ប្រទេសអេហ្ស៊ីប។
ក្រសួងវិស័យប្រេងប្រទេសអេហ្ស៊ីបបានបដិសេធទំនាក់ទំនងជាមួយនាវាដឹកប្រេងដែលរុស្ស៊ីលើកឡើង ដោយបញ្ជាក់ថា៖ «នាវាដឹកប្រេងនេះមិនបានចុះបញ្ជីក្រោមកិច្ចសន្យាណាមួយដើម្បីផ្គត់ផ្គង់ ឬទទួលទំនិញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់ប្រទេសអេហ្ស៊ីបទេ»។
យ៉ាងណាក៏ដោយ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនចំពោះការចោទប្រកាន់របស់រុស្ស៊ីនោះទេ។
