រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចាត់វិធានការបង្ក្រាបទីតាំងសង្ស័យពីបទប្រព្រឹត្តបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាចំនួនពីរកន្លែង ដោយចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងសរុបចំនួន១០នាក់។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុក និងខណ្ឌឫស្សីកែវ។
ក្នុងចំណោមជនសង្ស័យទាំង១០នាក់នេះ ចំនួន៥នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ខណ្ឌឫស្សីកែវ និងចំនួន៥នាក់ទៀតត្រូវបានចាប់ខ្លួននៅថ្ងៃទី២ ខែមីនា នៅបុរីពិភពថ្មី ខណ្ឌសែនសុក។

សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានថវិកាចំនួន១៩,៧០០ដុល្លារអាមេរិក ធុងCPU ៨គ្រឿង ម៉ូនីទ័រ ១៨គ្រឿង កំព្យូទ័រLaptop ៣គ្រឿង ទូរសព្ទដៃ ៤គ្រឿង និងលិខិតឆ្លងដែន ៦ច្បាប់។
តាមការស៊ើបអង្កេតបឋម ក្រុមសង្ស័យបានបង្កើតវេបសាយដើម្បីបម្រើសកម្មភាពល្បែងស៊ីសងអនឡាញខុសច្បាប់ ដោយប្រើទីតាំងនៅកម្ពុជាសម្រាប់ធ្វើសកម្មភាពទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។

ក្នុងចំណោមជនសង្ស័យមានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកាចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់។ ស្ថានកុងសុល និងអនុព័ន្ធប៉ូលិសកូរ៉េខាងត្បូងបានស្នើសុំបញ្ជូនជនសង្ស័យទាំងនេះចេញពីកម្ពុជា ដើម្បីបន្តនីតិវិធីនៅប្រទេសដើមរបស់ពួកគេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។
