រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការទៅលើព្រឹត្តិការណ៍ដ៏សែនឈឺចាប់មួយ ដែលកុមារីស្លូតត្រង់ចំនួន ១៦៨នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារសាលាបឋមសិក្សាកុមារី Shajareh Tayyebeh នៅទីក្រុង Minab ប្រទេសអ៊ីរ៉ង់។

យោងតាមអាជ្ញាធរអ៊ីរ៉ង់ កុមារីទាំងនេះមានអាយុចន្លោះពី ៧ ទៅ ១២ឆ្នាំ ហើយបានស្លាប់នៅពេលកំពុងសិក្សាក្នុងថ្នាក់រៀន។ ក្រៅពីអ្នកស្លាប់ មានសិស្សស្រីចំនួន ៩៥នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ថា ក្រសួងការពារជាតិកំពុងតាមដានរឿងនេះយ៉ាងដិតដល់ ប៉ុន្តែបានសង្កត់ធ្ងន់ថា កងទ័ពអាមេរិកមិនកំណត់គោលដៅលើទីតាំងស៊ីវិលឡើយ។

រដ្ឋាភិបាលអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដែលពួកគេហៅថា «ឧក្រិដ្ឋកម្មសង្រ្គាម»។ ផ្ទុយទៅវិញ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថាខ្លួនមិនមានដឹងពីព្រឹត្តិការណ៍នេះឡើយ។
សោកនាដកម្មនេះបានធ្វើឱ្យកំហឹងរបស់ប្រជាជនអ៊ីរ៉ង់កើនឡើងយ៉ាងខ្លាំង ហើយអាចនាំឱ្យមានការសងសឹកពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតយុត្តិធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
