អ៊ីរ៉ង់ព្រមានអាមេរិក៖ «ស្តាយក្រោយ» បន្ទាប់ពីបាញ់ពន្លិចនាវាចម្បាំង Dena នៅមហាសមុទ្រឥណ្ឌា

អ៊ីរ៉ង់ព្រមានអាមេរិក៖ «ស្តាយក្រោយ» បន្ទាប់ពីបាញ់ពន្លិចនាវាចម្បាំង Dena នៅមហាសមុទ្រឥណ្ឌា

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងឆាបឆេះកាន់តែខ្លាំងឡើង នៅពេលអ៊ីរ៉ង់បានចេញសេចក្តីព្រមានយ៉ាងខ្លាំងទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីនាវាចម្បាំងរបស់ខ្លួនត្រូវបានបាញ់ពន្លិចនៅក្បែរឆ្នេរស្រីលង្កា។

នាវាចម្បាំង Dena

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ លោក Abas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់អាមេរិកយ៉ាងចំៗថា បានប្រព្រឹត្ត «អំពើឃោរឃៅ» តាមរយៈការបាញ់ពន្លិចនាវាចម្បាំងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់។ លោកព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹង «ស្តាយក្រោយបំផុត» ចំពោះការវាយប្រហារបែបនេះ។

ការបាញ់ពន្លិចនាវាអ៊ីរ៉ង់

លោក Araghchi សរសេរថា៖ «សហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឃោរឃៅនៅលើលំហសមុទ្រ ដែលមានចម្ងាយរហូតដល់ទៅ ២០០០ ម៉ាយល៍ ពីឆ្នេររបស់ប្រទេសអ៊ីរ៉ង់។ នាវាចម្បាំង Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌា និងមានផ្ទុកនាវិកជិត ១៣០ នាក់ ត្រូវរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិទាំងគ្មានការព្រមានជាមុន។ ចាំសម្ដីខ្ញុំទុកចុះ! សហរដ្ឋអាមេរិកនឹងស្តាយក្រោយ ចំពោះរឿងដែលខ្លួនធ្វើនេះ»។

មុននេះ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ពីការបាញ់ពន្លិចនាវាអ៊ីរ៉ង់ជាង២០គ្រឿង ក្នុងនោះរួមមានដូចជានាវាចម្បាំងខ្នាតធំ នាវាល្បាតល្បឿនលឿន និងនាវាដឹកជញ្ជូនភស្តុភារ។

នាវា Iris Dena គឺជាការបាត់បង់ដ៏ធំបំផុតមួយ ដែលត្រូវបាននាវាមុជទឹកអាមេរិកបាញ់ពន្លិចដោយមីស៊ីល Torpedo ក្នុងមហាសមុទ្រឥណ្ឌា បណ្តាលឲ្យនាវិកយ៉ាង ៨៧ នាក់បាត់បង់ជីវិត។ នាវានេះត្រូវបាញ់ពន្លិចក្បែរឆ្នេរសមុទ្រស្រីលង្កា។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles