
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យា ក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេងគ្នា។ ការបង្ក្រាបនេះបានធ្វើឡើងនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងសរុបចំនួន១០នាក់។

ក្នុងចំណោមជនជាតិកូរ៉េខាងត្បូងទាំង១០នាក់នេះ មាន៥នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ចំនួន៥នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែមីនា នៅបុរីពិភពថ្មី ផ្ទះលេខ២៩ និង៣១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩,៧០០ ដុល្លារអាមេរិក, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Laptop ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ។
តាមការសន្និដ្ឋានបឋម ក្រុមជនសង្ស័យបានបង្កើត Website ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសងអនឡាញខុសច្បាប់ ដោយប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មភាពទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។ ក្នុងចំណោមជនសង្ស័យទាំង១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង។
ក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ខាងមុខនេះ។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
