អ៊ីរ៉ង់បានបដិសេធយ៉ាងខ្លាំងក្នុងការទទួលខុសត្រូវចំពោះការបាញ់មីស៊ីលបាលីស្ទិកចូលដែនអាកាសតួកគី ដែលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់ណាតូ។

កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ដោយបដិសេធការបាញ់មីស៊ីលណាមួយឆ្ពោះទៅកាន់ទឹកដីតួកគី និងអះអាងថា អ៊ីរ៉ង់តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសតួកគីជានិច្ច។
យោងតាមក្រសួងការពារជាតិតួកគី មីស៊ីលបាលីស្ទិកមួយគ្រាប់បាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ដែនអាកាសតួកគី ដោយឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសណាតូលើសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។
រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានលើកឡើងយ៉ាងដាច់ខាតអំពីការការពារដែនអាកាសរបស់តួកគី និងបានអំពាវនាវឱ្យអ៊ីរ៉ង់ជៀសវាងជំហានណាមួយដែលអាចធ្វើឱ្យជម្លោះកាន់តែរីករាលដាល។

ក្នុងការហៅទូរស័ព្ទរវាងភាគីទាំងពីរ លោក Fidan បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា តួកគីនឹងការពារដែនអាកាសរបស់ខ្លួនយ៉ាងពេញទំហឹង និងអំពាវនាវឱ្យមានការទប់ស្កាត់ជម្លោះ។
សព្វថ្ងៃនេះ ស្ថានភាពនៅតែតានតឹង ដោយភាគីទាំងពីរបន្តអះអាងអំពីសិទ្ធិ និងកាតព្វកិច្ចការពារដែនអាកាសរបស់ខ្លួន ខណៈអង្គការណាតូកំពុងតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ។
