ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នេះ។

របបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុទូទាំងប្រទេស។
សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ និងស្វាយរៀង នឹងមានសីតុណ្ហភាពពី ២៣°C ទៅ ៣៥°C។ ខ្យល់នឹងបក់មកពីទិសឦសាននិងទិសបូព៌ ដោយមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។

តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងមានសីតុណ្ហភាពពី ២២°C ទៅ ៣៥°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន ដោយមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។
តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងមានសីតុណ្ហភាពពី ២៣°C ទៅ ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ដោយមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្រនឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយមសូមអំពាវនាវឱ្យប្រជាពលរដ្ឋទទួលយកព័ត៌មាននេះ និងប្រុងប្រយ័ត្នជានិច្ចក្នុងការធ្វើដំណើរ និងសកម្មភាពផ្សេងៗ។
