ហ្សឺណែវ – អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ មិនលំអៀង និងហ្មត់ចត់លើការវាយប្រហារសាលារៀនក្មេងស្រីនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សជាង១៦០នាក់។

លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ «ឧត្តមស្នងការលោក Volker Turk អំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ មិនលំអៀង និងហ្មត់ចត់លើការវាយប្រហារនេះ។ រឿងត្រូវតែដឹងគឺនៅលើកងកម្លាំងដែលអនុវត្តការវាយប្រហារនេះ យកមកស៊ើបអង្កេត»។
លោកស្រី Shamdasani បន្តថា៖ «រឿងនេះពិតជាគួរឱ្យរន្ធត់ណាស់។ រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គម គឺមានខ្លឹមសារនៃការបំផ្លិចបំផ្លាញ ភាពអស់សង្ឃឹម គ្មានន័យ និងភាពឃោរឃៅនៃជម្លោះនេះ»។

ចំណែកលោក Turk ក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ និងត្រឡប់ទៅតុចរចាវិញ។
គួរបញ្ជាក់ថា សាលារៀននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ត្រូវបានវាយប្រហារនៅថ្ងៃសៅរ៍ ជាថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និយាយកាលពីថ្ងៃចន្ទថា៖ «កងកម្លាំងសហរដ្ឋអាមេរិកនឹងមិនវាយប្រហារសាលារៀនដោយចេតនាទេ»។

រីឯអ៊ីស្រាអែលឆ្លើយតបថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Ali Bahreini ធ្លាប់បានលើកឡើងពីបញ្ហានេះជាមួយលោក Turk ក្នុងលិខិតមួយចុះថ្ងៃទី០១ ខែមីនា ដោយហៅការវាយប្រហារនេះថាមិនសមហេតុផលនិងជាឧក្រិដ្ឋកម្ម។
ការលើកឡើងនាពេលនោះរបស់លោក Bahreini ការវាយប្រហារនេះសម្លាប់សិស្សចំនួន១៥០នាក់ ប៉ុន្តែជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង១៦០នាក់ ហើយពិធីហែរសពទៅបញ្ចុះវិញបង្ហាញពីភាពរន្ធត់ និងសោកសង្រេងខ្លាំងណាស់។
