ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអន បានដឹកនាំការសាកល្បងមីស៊ីលផ្លោងចេញពីនាវាពិឃាតថ្មី និងធ្វើការត្រួតពិនិត្យនាវាចម្បាំងថ្មីមួយគ្រឿង។ ការសាកល្បងនេះបានធ្វើឡើងនៅទីក្រុងកំពង់ផែភាគខាងលិចកោះណាំផូ កាលពីថ្ងៃទី៣ និងទី៤ ខែមីនា។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍ថា លោកគីមបានត្រួតពិនិត្យនាវាពិឃាតថ្មីទម្ងន់៥ពាន់តោន ហើយបានសង្កេតការបាញ់សាកល្បងមីស៊ីលដែលធ្វើឡើងចេញពីនាវាថ្មីនោះ។ លោកក៏បានបង្ហាញផែនការផលិតនាវាចម្បាំង២គ្រឿងប្រភេទដូចគ្នាឬថ្នាក់ខ្ពស់ជាងនេះជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលផែនការ៥ឆ្នាំម្តងថ្មី។

នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបានថ្លែងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបញ្ជាទិសជាច្រើនគ្រាប់ពីជិតកោះណាំផូ ឆ្ពោះទៅសមុទ្រលឿង នៅម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃទី៤ខែមីនា។ អ្នកជំនាញកូរ៉េខាងត្បូងក៏បានលើកឡើងថា មីស៊ីលនេះអាចមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
អ្នកវិភាគខ្លះយល់ឃើញថា សកម្មភាពនេះហាក់ដូចជាមានបំណងបង្ហាញពីការព្រមានប្រឆាំងនឹងការវាយប្រហារជាមុនរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានឃើញប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
