ទីក្រុងការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានចុះកិច្ចព្រមព្រៀងលក់មាសដុំរហូតដល់ ១ពាន់គីឡូក្រាមទៅក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ Trafigura ដើម្បីចូលទីផ្សារសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងដ៏ធំនេះតម្លៃរាប់លានដុល្លារ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមហ៊ុនរ៉ែរបស់រដ្ឋ Minerven នៃវ៉េណេស៊ុយអេឡា។ តាមរបាយការណ៍របស់សារព័ត៌មាន Axios កិច្ចព្រមព្រៀងនេះតម្រូវឱ្យផ្គត់ផ្គង់មាសពី ៦៥០ ទៅ ១ពាន់គីឡូក្រាម។
លោក Doug Burgum រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក ដែលទើបតែធ្វើដំណើរទៅវ៉េណេស៊ុយអេឡា ត្រូវបានរាយការណ៍ថាបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនេះ។ លោកបានទៅដល់ប្រទេសនេះកាលពីថ្ងៃទី៤ មីនា ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការក្នុងវិស័យប្រេង ឧស្ម័ន និងរ៉ែ។
មាសទាំងនេះនឹងត្រូវដឹកជញ្ជូនទៅកាន់រោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក ក្រោមការរៀបចំដាច់ដោយឡែកជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

តម្លៃមាសអន្តរជាតិបច្ចុប្បន្នឈរនៅ ៥,១៤០ ដុល្លារក្នុង១អោន ឬ ៦,១៩២ ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ៣:៣០ រសៀលថ្ងៃទី៥ មីនា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។
កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វ៉េណេស៊ុយអេឡាក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងការបង្កើនប្រាក់ចំណូលរដ្ឋាភិបាលតាមរយៈការនាំចេញធនធានធម្មជាតិ។
ប្រភព៖ Reuters និង Axios
